ដោយសារមិនអាចមកជូនដំណើរប្អូនស្រីជាលើកចុងក្រោយអតីតតារាចម្រៀងដែលធ្លាប់មានប្រជាប្រិយភាព អ៊ុំ កន្និថា ដែលជាបងស្រីរបស់ អ៊ុំ គន្ធា ដែលសព្វថ្ងៃកំពុងរស់នៅយ៉ាងសុខសាន្តនៅក្រៅប្រទេសនោះបានត្រឹមតែពោលពាក្យបួងសួងឱ្យប្អូនស្រីកុំឱ្យមានជីវិតអភ័ព្វបែបនេះប្រសិនកើតក្នុងជាតិក្រោយ។
ជឿជាក់ថាមហាជនដែលធ្លាប់តាមដានជីវិតសិល្បៈកាលពីអំឡុងជិត ២០ឆ្នាំមុនប្រហែលជានៅចាំបានអតីតតារាចម្រៀង អ៊ុំ កន្និថា ដែលជាបងស្រីរបស់អតីតតារាចម្រៀងសិចស៊ី អ៊ុំ គន្ធា ព្រោះអ្នកទាំងពីរតែងបង្ហាញវត្តមាននៅតាមឆាកប្រគំតន្រ្តីនៅតាមស្ថានីយទូរទស្សន៍នានាជាមួយនឹងការតុបតែងខ្លួនយ៉ាងសិចស៊ី និងទាក់ទាញ ។
គ្រាន់តែ អ៊ុំ កន្និថាជាបងស្រីមិនសូវសិចស៊ីខ្លាំងដូច អ៊ុំ គន្ធា ជាប្អូនស្រីនោះឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់សព្វថ្ងៃ អ៊ុំ កន្និថា កំពុងរស់នៅយ៉ាងមានក្តីសុខនៅប្រទេសកាណាដាជាមួយស្វាមីនិងកូនៗចំនួនពីរនាក់យ៉ាងមានសុភមង្គល តែកន្លងមកអ្នកនាងក៏ធ្លាប់ចុះមកលេងស្រុកកំណើត នឹងបានដើរលេងកម្សាន្តជាមួយក្រុមគ្រួសារដែរ ។ កន្លងមក អ៊ុំ គន្ធា ក៏ធ្លាប់បានសរសើរចំពោះវាសនាល្អរបស់បងស្រីខ្លួនដែរ ។
ខណៈ អ៊ុំ គន្ធា ជាប្អូនស្រីបានទទួលមរណភាពក្នុងអាយុ៤៥ឆ្នាំដោយសារមេរោគសង្គមនោះ អ៊ុំ កន្និថា មិនបានចុះមកជូនដំណើរប្អូនស្រីចុងក្រោយនៅស្រុកកំណើតទេ តែយ៉ាងណាអ្នកនាងបានត្រឹមតែបង្ហោះរូបភាពនិងសារយ៉ាងសោកសៅភ្ជាប់ជាមួយថា «បើមានជាតិក្រោយសូមអោយប្អូនមានសំណាង មានជីវិតរស់នៅល្អផូរផង់ សុខភាពល្អអាយុវែង»៕