មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើនក្រោយថ្មីៗនេះអ្នកម៉ាក់កូនពីរ ឱក សុគន្ធកញ្ញា បានផ្តល់ដំរួយថាអ្នកនាងអាចនឹងធ្វើ Solo Concert ជាលើកទី២ តែលើកនេះខុសពីលើកមុនដោយសារអ្នកនាងធ្វើនៅតាមបណ្តារខេត្ត ។ ប៉ុន្តែមិនទាន់ប្រកាសថានៅខេត្តណាមួយប្រាកដនោះឡើយ។ 
គួរឱ្យដឹងថាតារាចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា បានសម្រេចក្តីស្រមៃដោយបានបំពេញចិត្តអ្នកគាំទ្រដោយការធ្វើ Solo Concert ជាលើកដំបូងដោយបានជ្រើសយកបទចម្រៀងល្បីៗពិរោះៗមកបកស្រាយប្រមាណ ក្បែរ ៤០បទក្នុងរយៈពេលប្រមាណជាបីម៉ោង ។ អ្វីដែលកត់សម្គាល់ទោះបីជាលើកដំបូងក្តី  តែតារាចម្រៀង ឱក សុគន្ធកញ្ញា មិនខកបំណងឡើយដោយអ្នកនាងទទួលបានការគាំទ្រយ៉ាងលើសលប់ពីសំណាក់ ហ្វេន ហ្វេន បើទោះតម្លៃសំបុត្ររាងខ្ពស់បន្តិចក្តី ។

 ដោយសារទទួលបានជោគជ័យខ្លាំងហួសការស្មានបែបនេះទើបម្ចាស់បទ«ក្រោកឈរ» រូបនេះផ្តល់ដំរួយត្រៀមនឹងធ្វើការប្រគំតន្រ្តីទោលជាលើកទីពីរ តែយ៉ាងណាលើកនេះអ្នកនាងត្រៀមនឹងជ្រើសរើសការច្រៀងនៅតាមបណ្តារខេត្តម្តង ។ មិនមែនជាការលេងសើចនោះទេព្រោះមុននឹងលេចរូបរាង Solo Concert ឡើងមានការសម្រិតសម្រាំងជាខ្លាំងដើម្បីឱ្យការប្រគំតន្រ្តីទោលមានលក្ខណៈស្តង់ដា ជាពិសេសសូម្បីតែការជ្រើសរើសការស្លៀកពាក់គឺអ្នកនាងជ្រើសយកការស្លៀកពាក់ដែលច្នៃម៉ូដដោយកូនខ្មែរនៅក្នុងស្រុកផ្ទាល់តែម្តង ។ 
មានឈ្មោះជាការធ្វើ Solo Concert ក្តី តែតារាចម្រៀង ឱក សុគន្ធកញ្ញា បានប្រាប់ថាអ្នកដែលជ្រោមជ្រែងជួយនៅក្នុងកិច្ចការប្រគំតន្ត្រីនេះមិនតិចនាក់នោះឡើយពោលរាប់រយនាក់ឯណោះ ។ ដោយសារទទួលបានជោគជ័យខ្លាំងបែបនេះទើបតារាចម្រៀង ឱក សុគន្ធកញ្ញា មានគម្រោងធ្វើការប្រគំតន្ត្រីទោលបែបនេះជាថ្មីម្តងទៀត  តែយ៉ាងណាគេសង្កេតឃើញថាការ ប្រកាសរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា លើកនេះហាក់មិនសូវកក្រើកដូចលើកមុនឡើយ ។ 

ខុសពីមិត្តរួមអាជីពដទៃទោះមានស្វាមីនិងកូនក្តី តែតារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែមានប្រជាប្រិយភាពនៅក្នុងសិល្បៈបើទោះមិនសូវមានបទចម្រៀងល្បីៗផ្ទុះដូចមុនក្តី ។ អ្នកម៉ាក់កូនពីររូបនេះ នៅតែជាតារាមានឥទ្ធិពលជាងគេនៅក្នុងផលិតកម្មហង្សមាសអ្នកនាងត្រូវបានគេមើលឃើញថា ជោគជ័យទាំងព្រមមិនថាអាជីពចម្រៀង ស្នេហា និងមុខជំនួញ ខណៈដែលកាលពីថ្ងៃទី១៧ វិច្ឆិកា កន្លងទៅអ្នកនាងបានរៀបចំពិធីជប់លៀងខួបកំណើតកូនប្រុសច្បង អ៊ឹង បញ្ញាបុត្រ ហៅ ឆាលី គម្រប់អាយុ៥ឆ្នាំ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor