មានការចូលរួមរំលែកទុក្ខនិងសោកស្តាយពីសំណាក់អ្នកដែលបានស្គាល់ទឹកដៃកវីវនិពន្ធដែលមានសមត្ថភាពម្នាក់គឺលោក ស៊ឹម សុធី ដែលបានទទួលមរណភាពនៅមន្ទីរពេទ្យមួយនា ប្រទេសអូស្ត្រាលីក្រោយពីបានចូលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាលពីថ្ងៃទី ២០ម្សិលមិញនេះ។
គួរឱ្យដឹងថាលោក ស៊ឹម សុធី គឺជាតន្ត្រីករ និងជាអ្នកនិពន្ធ នាទសវត្សរ៍ ៨០ និង ៩០ ដ៏ល្បីល្បាញមួយរូប លោកធ្លាប់បាននិពន្ធទំនុកច្រៀងបទល្បីៗមួយចំនួនដូចជាបទ »ចែវទូករកស្នេហ៍» «ដងស្ទឹងផែនរឹទ្ធ » «កំណាចព្រហ្មលិខិត »និងបទ« បទដារីកា»រួមនឹងពិរោះ ល្បីៗជាច្រើនទៀត។ លោក ស៊ឹម សុធី បានចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមួយនាក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលីនារសៀលថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ហើយបានបាត់បង់ជីវិតក្រោយពីបានចូលប៉ុន្មានម៉ោងក្រោយមក ។ បើតាមការលើកឡើងរបស់ភរិយាអតីតតារាសម្តែង ស៊ុក សុភា បានបង្ហាញអារម្មណ៍សោកសៅនឹងមិនអាចទទួលយកបានក្រោយពីដឹងថាលោក ស៊ឹម សុធី បានចែកឋានទៅដោយអ្នកនាងលើកឡើងថា លឿនពេក ។
អ្នកនាង សារីណា បានរៀបរាប់នៅក្នុងបណ្តាញសង្គមថា«មិនគួរអោយជឿរទេបង លឿនពេកហើយ ខ្ញុំពិតជាស្ដាយដែលមិនបានជួបបងជាលើកចុងក្រោយសោះ អត់ដឹងអីបន្ទិចថាបងគេងពេទ្យ បើបានដឹងក៏ខូលសួរសុខទុក្ខបងដែរ ព្រោះយើងបាននិយាយគ្នាហើយថាយើងនឹងរកពេលជួបគ្នានៅផ្ទះប្អូនច្រៀងលេងសប្បាយម្ដងទៀត ពេលនេះមិនទាន់មានឱកាសផង បងទៅចោលប្អូនៗបាត់ បងជាមនុស្សល្អ ជាមនុស្សជួយគេ ជាមនុស្សស្លូត ចង់តែឃើញគេសុខ គេជោគជ័យ មិនដែលចេះរករឿងឈ្លោះជាមួយនរណាទេ តាំងពីខ្ញុំស្កាល់បងមក ប្អូនពិតជានឹកដល់ពេលវេលាដែលពួកយើងធ្លាប់សើចសប្បាយរាល់អាទិត្យជាមួយគ្នាណាស់ ពេលនោះយើងគ្នាតិចតួចទេ តែបេះដូងយើងធំ ទើបអោយយើងសប្បាយគ្មានកើតទុក្ខ។
សូមបងទៅអោយបានសុខ ហើយបើជាតិក្រោយមានពិតសូមអោយបងមានសំណាងមានបងប្អូនកូនចៅនៅក្បែរ កុំអោយអភ័ព្វដូចជាតិនេះ»។ក្នុងនាមជាអ្នកព័ត៌មានសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព និងឧទ្ទិសឱ្យវិញ្ញាណក្ខន្ធកវីនិពន្ធរូបនេះបានសោយសុខនៅទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ៕