អតីតពិធីការិនី ថន ដារ៉ា បានបង្ហាញអារម្មណ៍រីករាយក្រោយទទួលបានប្លង់រឹងស្របច្បាប់ជាមួយស្វាមីឯកឧត្តម ឃី សុវណ្ណរតនា ក្រោយពីបានរៀបការប្រមាណជាជិតកន្លះឆ្នាំ ។ក្នុងនោះក៏មានមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនបានសម្តែងការរីករាយចំពោះជីវិតគូរបស់អតីតសិល្បការិនីរូបនេះដែរ ។
មិនខុសពីតារាស្រីមួយចំនួនឡើយពេលនេះ អ្នកនាង ថន ដារ៉ា ក៏បានក្លាយជាជំទាវដោយស្វ័យប្រវត្តិបន្ទាប់ពីបានរៀបការជាមួយស្វាមីដែលមានងារជាឯកឧត្តមនៅក្នុងក្រសួងការបរទេស ។
អ្នកនាងតែងតែបង្ហាញវត្តមានជាមួយស្វាមីនៅក្នុងកម្មវិធីធំតូចនានាមិនថានៅក្នុងប្រទេសឬក្រៅប្រទេសនោះទេជាមួយនឹងការរៀបចំខ្លួនយ៉ាងស័ក្តិសមទៅនឹងឋានៈនិងកិត្តិយសរបស់ស្វាមី ។ អ្វីដែលកត់សម្គាល់ក្រោយរៀបការជិតកន្លះឆ្នាំអ្នកនាង ថន ដារ៉ា បានបង្ហាញរូបភាពមួយសន្លឹកដែលនារីគ្រប់រូបប្រាថ្នាចង់បាននោះគឺសំបុត្រអាពាហ៍ពិពាហ៍ដែលមានការនិយមហៅលេងសើចថាប្លង់រឹងកាលពីថ្ងៃទី ១៩ កន្លងទៅដោយភ្ជាប់ជាមួយសារថា « ថ្ងៃនេះខ្ញុំនិងស្វាមីមកទទួលប្លង់រឹង (សំបុត្រអាពាហ៍ពិពាហ៍)ផ្លូវការហើយ ១៩ ខែ វិច្ឆិកា ឆ្នាំ ២ឥ២៤ »។ ជាមួយនឹងការទទួលបានប្លង់រឹងស្របច្បាប់របស់អ្នកនាង ថន ដារ៉ា ក៏ទទួលបានការចូលរួមត្រេកអរពីសំណាក់អ្នកលេងហ្វេសប៊ុកនិងមិត្តក្នុងសិល្បៈផងដែរ ។
អ្វីដែលកត់សម្គាល់បើទោះរៀបការជិតកន្លះឆ្នាំក្តី តែអ្នកនាង ថន ដារ៉ា ហាក់មិនទាន់មានដំណឹងល្អនៅឡើយទេ ខណៈពេលនេះអ្នកនាងក៏ដូចជាស្វាមីកាន់តែមានវ័យច្រើនទៅហើយដែរ ។ អ្នកនាង ថន ដារ៉ា ត្រូវបានគេស្គាល់ថាជាបងស្រីរបស់ពិធីការិនី ថន លក្ខិណា ហើយក៏ធ្លាប់ជាតារាសម្តែង និងពិធីការិនីដែលមានប្រជាប្រិយភាពម្នាក់ តែក្រោយពីអ្នកនាងរៀបការជាមួយស្វាមីជាជនជាតិថៃក៏បានបញ្ចប់អាជីពមួយនេះ ។
បើទោះជីវិតអាពាហ៍ពិពាហ៍លើកដំបូងមិនសមប្រកបក្តី ប៉ុន្តែសម្រាប់អាពាហ៍ពិពាហ៍លើកទី២នេះ គេសង្កេតឃើញថាអ្នកនាង ថន ដារ៉ា ហាក់មានក្តីសុខ និងសុភមង្គលជាខ្លាំងដោយអ្នកនាងទទួលបានការស្រឡាញ់ និងការថ្នាក់ថ្នមខ្លាំងពីសំណាក់ស្វាមី ។ ក្នុងនោះក៏មានការលាន់មាត់សរសើរសំណាងរបស់ ថន ដារ៉ា ពីសំណាក់អ្នកគាំទ្រដែលទទួលបានស្វាមីល្អទាំងព្រមមិនថា ចំណេះដឹង ការងារនៅក្នុងសង្គម ជាពិសេសថែមទាំងមានការចេះដឹងទាំងផ្លូវពុទ្ធិចក្រ និងអាណាចក្រថែមទៀត៕