មិនសរសើរមិនបានត្រឹមរយៈពេលតែពីរថ្ងៃប៉ុណ្ណោះបទចម្រៀងបែបកំប្លែង តែបង្កប់អត្ថន័យចាក់ដោតត្រូវនឹងសង្គមនាពេលបច្ចុប្បន្នរបស់តារាកំប្លែងឧកញ៉ា ឃ្លោក កំពុងទទួលបានការពេញចិត្តនឹងលាន់មាត់សរសើរពីសំណាក់អ្នកស្តាប់គ្រប់គ្នា ។ ពោលរយៈពេលត្រឹមពីរថ្ងៃប៉ុណ្ណោះមានអ្នកចុចចូលទស្សនាដល់ទៅជាងពីរលានដងទៅហើយ។
តារាកំប្លែង ឧកញ៉ា ឃ្លោក ត្រូវបានមហាជនចាត់ទុកជាតារាកំប្លែងដែលមានទេពកោសល្យម្នាក់ជាពិសេសរាល់ការប្រើប្រាស់វោហាស៍ស័ព្ទរបស់លោក ហើយជារឿយៗតារាកំប្លែងដែលស្ពាយងារជាឧកញ៉ារូបនេះតែងចែករំលែកនូវចំណេះដឹងក៏ដូចជារឿងរ៉ាវនានានៅក្នុងសង្គមដល់អ្នកគាំទ្ររបស់ខ្លួន ។
តួយ៉ាងថ្មីៗនេះតារាកំប្លែង ឃ្លោក បានចេញបទចម្រៀងមួយបទដែលមានចំណងជើងថា«ចង់ល្បី»ដែលមានអត្ថន័យស៊ីជម្រៅត្រូវនឹងសង្គមបច្ចប្បន្ន ។ ដោយអត្ថន័យបទចម្រៀងបានបង្ហាញថា «សម័យចង់ល្បីមានប្រុសស្រីធ្វើឆ្កួតៗប្រឹងភភូតអ្នកដទៃស៊ីស្មៅស៊ីដង្កូវ...ព្រោះចង់ល្បី...អ្នកខ្លះធ្វើលែងលះប្តីប្រពន្ធដៀមដាមជេរធ្ងន់ៗមនុស្សរាប់ពាន់ចូលមើលស្តាប់ខ្លួនក្រមិនខំប្រឹង អាណិតអ្នកមានទ្រព្យចង់ស្លាប់ជំនួសគេ.. »។ អត្ថន័យចាក់ដោតនៅក្នុងបទចម្រៀង«ចង់ល្បី»ដែលនិពន្ធ និងច្រៀងដោយ ឧកញ៉ាឃ្លោក នេះទទួលបានការពេញចិត្តនិងស៊ែរចែករំលែកជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម។ ជាក់ស្តែងត្រឹមពីរថ្ងៃប៉ុណ្ណោះមានអ្នកចុចចូលទស្សនាដល់ទៅជាងពីរលានដងឯណោះឃើញថាតារាចម្រៀងអាជីពល្បីល្មមៗសុំចាញ់តែម្តង ។
អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅបញ្ចេញមតិលាន់មាត់សរសើរដល់ការនិពន្ធបទចម្រៀងមួយបទនេះរបស់តារាកំប្លែង ឃ្លោក ថា «បទនេះត្រូវនឹងសង្គមសព្វថ្ងៃម្ល៉េះអ៊ំប្រុស អ្នកខ្លះ រកពាក្យកុហក ភូតភរ បោកប្រាស់ កលល្បិចគ្រប់ទម្រង់ សម្រាប់បោកប្រាស់ប្រជាពលរដ្ឋខ្មែរគ្នាឯង»
«ត្រូវណាអ៊ុំត្រូវនឹងសង្គមសព្វថ្ងៃឆ្កួតឡប់ឡែមានគ្រប់បែបគ្រប់រសជាតិ» «ស្មៀនឃ្លោក បទនេះមានន័យណាស់ចង្វាក់ក៏ឡូយទៀតនឹកកំប្លែងពូដល់ហើយ និយាយការពិតទៅ តារាកំប្លែងសម័យពូៗជំនានពូ ពូកុយ ពូក្រឹម ពីខ្ជឹប ពូជ្រុញ ។ល។ កំប្លែងអប់រំ មានប្រយោជន៍ដល់សង្គមច្រើនណាស់»។ ក្រៅពីបទចម្រៀង «ចង់ល្បី» ក៏មានបទចម្រៀងមានអត្ថន័យចាក់ដោតបន្តបន្ទាប់ដែល នាយឃ្លោក បាននិពន្ធ៕