លោក សុវណ្ណ មករា ជួបទុក្ខធំដោយអ្នកម្តាយជាទីស្រឡាញ់បានទទួលមរណភាពក្រោយពី មាន ជំងឺនឹងបានចូលសម្រាកនៅក្នុងមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ ។ជាមួយនឹងអារម្មណ៍សោ កស្តាយចំពោះការឃ្លាតឆ្ងាយនេះអតីតតារាដែលធ្លាប់មានឈ្មោះល្បីល្បាញរូបនេះបានពោលពាក្យសុំទោសដល់អ្នកមានគុណដែលលោកមិនបានមើលថែបានល្អធ្វើឱ្យអ្នកម្តាយឃ្លាតឆ្ងាយដោយគ្មានថ្ងៃជួប។
ភ្ជាប់ជាមួយរូបភាពរបស់អ្នកម្តាយដែលកំពុងសម្រាកស្តូកស្តឹងលោក សុវណ្ណ មករា បានពោល ពាក្យសោកសៅថា«សុំទោសផងម៉ែដែលកូនមើលថែរម៉ែមិនបានល្អបើមានជាតិក្រោយមែននោះកូនសុំធ្វើជាកូនរបស់ម៉ែម្ដងទៀតណាម៉ែ»។ការបាត់បង់អ្នកម្តាយជាទីស្រឡាញ់របស់លោក សុវណ្ណ មករា ក៏ទទួលបានការចូលរួមរំលែកទុក្ខពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។
គួររំឮកថាអ្នកម្តាយរបស់លោក សុវណ្ណ មករា មានឈ្មោះថា ឈា ឈឺ ដែលបានទទួល មរណភាពកាលពីថ្ងៃទី ២១ ម្សិលមិញនេះក្នុងជន្មាយុ ៧៣ឆ្នាំ។ពេលនេះសពរបស់អ្នកម្តាយ លោក សុវណ្ណ មករា កំពុងរៀបចំធ្វើបុណ្យទៅតាមប្រពៃណីខ្មែរនៅវត្តនាគវ័ន្តនិងរៀបចំពិធីបូជា នៅយប់ថ្ងៃចន្ទ ទី២៣ ធ្នូស្អែកនេះ។
លោក សុវណ្ណ មករា ធ្លាប់ជាតារាសម្តែងដែលមានរូបសម្បត្តិស្រស់សង្ហា និងមានឈ្មោះបោះ សំឡេងម្នាក់កាលពីជិត ២០ឆ្នាំមុន។ លោកលេចមុខនៅក្នុងការសម្តែងខារ៉ាអូខេ រឿងបុរាណ និង រឿងសម័យជាច្រើនក្នុងតំណែងជាតួឯកហើយរឿងដែលល្បីខ្លាំងគឺរឿង «ព្រះគោព្រះកែវ» ដោយលោកសម្តែងជាតួប្រុសជាមួយអ្នកនាង សឿ សុធារ៉ា ជាតួស្រី។ សព្វថ្ងៃលោក សុវណ្ណ មករា ក៏មានតួនាទីសំខាន់ជាអគ្គលេខាធិការរង នៃសមាគមសិល្បករខ្មែរដែលដឹកនាំដោយអ្នក ឧកញ៉ា ម៉ៅ ចំណាន ៕