Sponsor
ពលរដ្ឋ​ក្រុង​ប៉ោយប៉ែត​ ខ្ទង់​​ពាន់​នាក់​នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​សុំ​ឲ្យ​ដោះ​លែង​​​ លោក​​ ឌិន ពុទ្ឋី​​

បន្ទាយ​មាន​ជ័យ​៖ ​ពលរដ្ឋ​ខ្ទង់​​ពាន់​នាក់​ ​នៅ​ព្រឹក​ថ្ងៃ​ទី ២៩​ខែ​ធ្នូ​ ឆ្នាំ​២០១៦​នេះ​ បាន​ផ្ទុះ​ការ​តវ៉ា​​ ​និង​ឈាន​ដល់​ការ​នាំ​​គ្នា​បិត​ផ្លូវ​ជាតិ​លេខ​៥ ​នៅ​ចំណុច​ក្បាល​ស្ពាន​ ក្រុង​ប៉ោយប៉ែត​ផង​ដែរ​ ដើម្បី​​សុំ​ឲ្យ​ដោះលែង​លោក​ ឌិន ពុទ្ឋី ​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​ ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​និង​ត្រូវ​​តុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ក្រោម​​បទ​ចោទ​​ បើក​បុក​នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​​​​

ក្នុង​ការ​តវ៉ា​របស់​ពលរដ្ឋ​នេះ​ សមត្ថកិច្ច​ចម្រុះ​រាប់​សិប​នាក់​ក៏​​បាន​ធ្វើការ​បំបែក​អ្នក​ការ​តវ៉ា ​ដែល​បង្ក​ឲ្យ​​​​កើត​​ហិង្សា​បន្តិច​តួច ​រួច​​ឈាន​​ដល់​មាន​ការ​ឃាត់​ខ្លួន​ស្ត្រី​២​នាក់​ផង​ដែរ​ ​ប៉ុន្តែ​ក្រោយ​មក​សមត្ថកិច្ច​បាន​ធ្វើ​ការ​ដោះ​លែង​ និង​ឈប់​ធ្វើ​ការ​​តវ៉ា​​វិញ បន្ទាប់ពី​មាន​​ការ​ចរចា​គ្នា​រវាង​គ្រួសារ​លោក ​ពុទ្ធី​ និង​លោក​ឧត្តមសេនីយ៍​ទោ អាត់ ខែម ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​​ និង​ព្រះ​រាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ ​លោក មាស ចន្ទ​ពិសិដ្ឋ​និង​ លោក​ អភិបាល​ក្រុង​ប៉ោយប៉ែត។​​​

 គួរ​រំលឹក​ដែរ​​ថា​ មុន​នឹង​ឈាន​ដល់​ការ​តវ៉ា​នេះ​ នៅ​​​ពេល​ថ្មី​ៗ​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​លោក​ ឌិន ពុទ្ធី​ ​និង​លោក ​ឈាន ​ពិសិដ្ឋ​ ជា​នាយរង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ រួច​​បណ្ដាល​ឲ្យ​មាន​ការ​ឃុំ​ខ្លួន​លោក​ ​ឌិន ពុទ្ធី ​ដែល​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ​បាន​ធ្វើឲ្យ​​​សាធារណជន​ពិសេស​អ្នកលេង​ក្នុង​បណ្ដាញ​សង្គម​រិះ​គន់​​មិន​សំចៃ​មាត់​​ថា​ មាន​ចំណុច​សង្ស័យ​ជា​ច្រើន​​ចំពោះ​នាយ​រង​រូប​នោះ ​ហើយ​ករណី​​នេះ​​ទៀត​សោត ​ក៏​បានក្លាយ​​បញ្ហា​រសើប​មួយ​ ដែល​​​ធ្វើ​ឲ្យ​សម្តេច  ក្រឡាហោម​​ ស ខេង​ បាន​បញ្ជា​ផ្ទាល់​ ឲ្យ​មាន​ការ​បើក​ការ​ស៊ើប​អង្កេត​ផង​ដែរ​៕​​​​

ផ្តល់សិទ្ធិដោយKQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor