
ខេត្តកំពង់ស្ពឺ៖ នៅមុននេះបន្តិច នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ ក្នុងហ្វេសប៊ុករបស់កញ្ញា ដេនី ក្វាន់ តារាសម្ដែងសាច់សខ្ចី បានបង្ហោះវីដេអូ អមជាមូយរូបភាព និងសំណេរ ដែលបង្ហាញពីសកម្មភាពនៃការនាំយកអំណោយសម្រាប់ទ្រទ្រង់ជីវភាពខ្លះៗ ជូនលោកយាយចំណាស់ម្នាក់ ដែលរស់នៅយ៉ាងកម្សត់ នៅតំបន់ដាចស្រយាលមួយនាខេត្តកំពង់ស្ពឺ ក្នុងខ្ទមជរាជាមួយចៅកំព្រាតូចៗ២នាក់ទៀត ដែលម្តាយរបស់ពួកគេបានស្លាប់ដោយសារអំពើឃាតកម្ម ដោយកញ្ញាបានស្នើសុំជំនួយបន្ថែមពីសប្បុរសជនក្នុងការជួយសាងសង់ផ្ទះថ្មីជូនលោកយាយស្នាក់នៅ។
ក្នុងហ្វេសប៊ុករបស់តារាសម្ដែង ដេនី ក្វាន់ បានសរសេរថា "ថ្ងៃនេះនាងខ្ញុំបាននាំយកអំណោយបន្តិចបន្តួចមកជូនលោកយាយ ព្រឿង អាយុ៧៥ឆ្នាំ រស់នៅភូមិ ពាមឃ្លៃ ឃុំទ័ពមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកយាយមានកូនស្រី២នាក់ ម្នាក់ត្រូវគេសម្លាប់កាលពីខែមុន ចំណែកចៅៗគ្មានអ្នកចិញ្ចឹម ហើយគ្មានផ្ទះស្នាក់នៅត្រឹមត្រូវនោះទេ ពេលខ្ញុំបានជួបគាត់ ហើយពិតជាគួរអោយអាណិតខ្លាំងណាស់"។
ក្នុងហ្វេសប៊ុកដដែលកញ្ញាបានបន្តសំណេរដោយអំពាវនាវថា "ខ្ញុំចង់ប្រាប់ទៅមិត្តៗទាំងអស់គ្នាថាកាធ្វើទានគឺ មិនរើសពេលវេលា មិនរើសទីកន្លែង មិនរើសបុគ្គល ហើយមិនមែនទាល់តែត្រូវចំហាយលុយច្រើន ទើបអាចធ្វើបាននោះទេ នាងខ្ញុំសូមអំពាវនាវដល់សប្បុរសជនទាំងអស់មេត្តាជួយដល់លោកយាយ លោកព្រោះគាត់ចាស់ហើយគ្មានកម្លាំង ធ្វើការដើម្បីចិញ្ចឹមជីវិតនោះទេ ចឹងហើយសូមមិត្តៗមេត្តាជួយលោកយាយម្នាក់នេះផង"។
ជាមួយនិងទឹកចិត្តដ៏បរិសុទ្ធថ្ងៃនេះ កញ្ញាក៏មានគម្រោងក្នុងការសង់ផ្ទះថ្មី ជូនលោកយាយខាងលើផងដែរ ព្រោះតែផ្ទះស្នាក់នៅបច្ចុប្បន្នរបស់លោកយាយ មិនអាចធន់នឹងអាកាសធាតុដែលតែងតែប្រែប្រួលមិនទៀងទាត់បាននោះឡើយ ដូចនេះកញ្ញាបានអំពាវនាវក៏ដូចជាស្នើសុំជំនួយ តាមរយៈវីដេអូខាងក្រោម ពីអ្នកសប្បុរសទាំងឡាយដើម្បីជាកម្លាំងបន្ថែម ក្នុងការសម្រេចគម្រោងខាងលើ ដើម្បីសេចក្ដីសុខស្រ្តីជរាដែលគ្មានទីពឹងម្នាក់។
បន្ថែមពីលើសំណេររបស់កញ្ញា ដេនី ក្វាន់ លោកអនុសេនីយ៍ឯក ភារម្យ ដែលជាអាជ្ញាធរនៅតំបន់នោះ ក៏បានបញ្ជាក់ថា សព្វថ្ងៃលោកយាយនិងចៅៗរបស់គាត់ រស់នៅដោយពឹងទៅលើការ ហុចបាយហុចសម្លសម្រាប់ទទួលទានពីអ្នកជិតខាង ចៅៗរបស់គាត់មិនអាចទៅរៀន ព្រោះតែលោកយាយមិនអាចធ្វើអ្វីបានដើម្បីរកចំណូល សម្រាប់ទ្រទ្រង់ការរៀនសូត្ររបស់ពួកគេ។
ដូចនេះប្រសិនបើបងប្អូនដែលមានសទ្ធា និងមានបំណងចង់ចូលរួមធ្វើអំពើមនុស្សធម៌ជាមួយ កញ្ញា ដេនី ក្វាន់ សូមទាក់ទងទៅកាន់លេខទូរស័ព្ទមួយខ្សែនេះ 097 27 99 990ឬឆាតតាម inbox Facebook របស់ដេនី ក្វាន់ (Denny Kwan) ដោយផ្ទាល់៕

ផ្តល់សិទ្ធិដោយ៖KQUBE

