ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះផ្សាយកាលពីថ្ងៃទី២១ ខែមករា ថា បន្ថែមពីលើប្រាក់សំណងរបស់ក្រសួងចំនួន $៤៦០១.១៦ ដោយយល់ឃើញលោកយាយ មឿន សុផល មានជីវភាពក្រលំបាក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈក្រុមការងារ បានប្រគល់ថវិកាជាអំណោយសប្បុរស ជូនដល់លោកយាយចំនួន $១០,០០០ និង ៥,០០០,០០០រៀល ពីលើសំណងផលប៉ះពាល់ដីរបស់លោកយាយ នៃគម្រោងស្ថាបនានិងពង្រីកផ្លូវជាតិលេខ២១។
ក្រសួងបានចុះផ្សាយថា "នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ក្រុមការងារអន្តរក្រសួង បានដោះស្រាយសំណងផលប៉ះពាល់លើដីរបស់លោកយាយ មឿន សុផល ចំនួន$៤៦០១,១៦ រួចរាល់ហើយ។ សូមជម្រាបជូនថា លោកយាយ មឿន សុខផល រស់នៅភូមិព្រែកថី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានទទួលរងផលប៉ះពាល់ ពីគម្រោងស្ថាបនានិងពង្រីកផ្លូវជាតិលេខ២១។
ដោយយល់ឃើញថា លោកយាយចាស់ជរា មានការលំបាកក្នុងជីវភាពរស់នៅ គ្មានផ្ទះសំបែងសមរម្យ សម្តេចតេជោ ហ៊ុន សែន តាមរយៈក្រុមការងារ បានប្រគល់ថវិកាជាអំណោយសប្បុរស ជូនដល់លោកយាយចំនួន$១០,០០០ និង ៥,០០០,០០០ រៀល បន្ថែមពីលើសំណងផលប៉ះពាល់ដីរបស់លោកយាយ។
ដើម្បីធានាបានសុវត្ថិភាពទាំងថវិកានេះ អាជ្ញាធរទទួលបន្ទុកនឹងរៀបចំសម្របសម្រួល បង្កើតគណនីធនាគារ ដើម្បីអាចឱ្យលោកយាយរក្សាទុកប្រាក់នេះប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះផងដែរ ក្រុមការងារកំពុងរកវិធីដោះស្រាយរកដីសង់ផ្ទះ ជូនលោកយាយឲ្យបានកាន់តែឆាប់បំផុតតាមដែលអាចធ្វើទៅបាន"៕



ផ្តល់សិទ្ធិដោយ៖KQUBE

