Sponsor

សិល្បៈ ៖ ជា​ការ​ជួប​គ្នា​ដ៏​កម្រ​សម្រាប់​ព្រឹទ្ធាចារ្យ​ ចាប៉ី​ដង​វែង​ វ័យ​ចំណាស់​ទាំង​៥​រូប​បាន​ស្កាត់​ជួប​ ដើម្បី​សួរ​សុខ​ទុក្ខ​គ្នា​ ព្រោះ​ពួក​គាត់​មិន​ត្រឹម​តែ​អាយុ​ច្រើន ​ភាព​ជរាពាធ​ចូល​លុកលុយ​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​រស់​នៅ​ខេត្ត​ផ្សេង​ៗ​គ្នា​ថែមទៀត​​ ដូច្នេះ​ហើយ​នៅ​ពេល​តារា​ចម្រៀង​ចិត្តធម៌​លោក​ សន វិជ្ជបុត្រ​ បាន​រៀបចំ​ឲ្យ​ព្រឹទ្ធាចារ្យ​បាន​ជួប​គ្នា ពិតជា​សង្វេគ​ណាស់​នៅ​ពេល​បាន​ឃើញ​អ្នក​ថែម​រក្សា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​មនុស្ស​ជាតិ​ ពិការ​ភ្នែក​ ពិការ​ជើង​ និង​មាន​ជីវភាព​ទី​ទាល់​ក្រ​។ ​

លោក​ព្រឹទ្ធាចារ្យ វ័យ​៨១​ឆ្នាំ​ ប្រាជ្ញ ​ឈួន ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន Kqube.net ក្នុង​ភាព​និយាយ​លែង​ច្បាស់​ និង​មាន​រាងកាយ​ទ្រុឌទ្រោម​ថា ​លោក​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ណាស់​ ការ​ដែល​កូន​ចៅ​បាន​រៀបចំ​ឲ្យ​ប្អូន​ៗ​អ្នក​ចម្រៀង ​ចាប៉ី ​ទាំង​បួន​រូប​មក​សួរ​សុខ​ទុក្ខ​ដល់​គេហដ្ឋាន​របស់​គាត់​ផ្ទាល់​​ ព្រោះ​ការ​ជួប​គ្នា​បែប​នេះ​មិន​ដែល​មាន​ទេ​ ដោយ​សារ​ប្អូន​ៗ​នៅ​ខេត្ត​ឆ្ងាយ​ៗ​ពី​គ្នា​ ហើយ​ការ​ជួប​គ្នា​នេះ​គឺ​ពិត​ជា​មាន​ន័យ​ណាស់​សម្រាប់​ជីវិត​លោក​ ព្រោះ​ពេល​នេះ​លោក​ក៏​មាន​អាយុ​ច្រើន​ភាព​ជរាពាធ​ក៏​ចូល​លុកលុយ​កាន់​តែ​ខ្លាំង។

លោក​តា​កោសល្យ​វោហារ​ គង់ ណៃ លោកតា អ៊ិន សារុន លោកតា សួន សាន និង អ្នក​ចាប៉ី​សម្បូរ​វោហារ​លោកតា​ នេត្យ ប៉េ​ បាន​លើក​ឡើង​ស្រដៀង​គ្នា​ថា​ លោក​ពិត​ជា​រំភើប​ និង​រំជួល​ចិត្ត​ជា​ខ្លាំង ​ការ​ដែល​ចៅ​ប្រុស ​សន ​វិជ្ជបុត្រ ​និង​អ្នក​សិល្បៈ​មួយ​ចំនួន​ទៀត បាន​រៀបចំ​នាំ​អ្នក​ចម្រៀង​ចាប៉ី​ទាំង​ប្រាំ​រូប​ដែល​មាន​សុខភាព​អាច​ធ្វើ​ដំណើរ​បាន​មក​ជួប​សួរសុខទុក្ខ​លោក​បង​ និង​លោក​ឪពុក​ ប្រាជ្ញ​ ឈួន ​ដែល​គាត់​ខ្សោយ​ជាង​គេ​ ព្រោះ​លោក​ខាន​បាន​ជួប​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​ ពេល​នេះ​ទោះ​ជា​អ្នក​ខ្លះ​ពិការ​ភ្នែក​ មើល​មិន​ឃើញ និង​អ្នក​ខ្លះ​ទៀត​ពិការ​ជើង​ដើរ​មិន​បាន ​តែ​ការ​ជួប​គ្នា​នេះ​អាច​ស្ទាប​ដឹង​ពី​ភាព​ជរា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​អ្នក​សិល្បៈ​ចាប៉ី​ដង​វែង​ដូច​គ្នា​ ។

​លោក ​សន វិជ្ជបុត្រ​ ផ្ដល់​បទសម្ភាសន៍​ថា​ ការ​ដែល​លោក​ខិតខំ​រៀបចំ​ឲ្យ​ព្រឹទ្ធាចារ្យ​ ចាប៉ី​ដង​វែង​ ទាំង​ប្រាំ​រូប​បាន​ជួប​គ្នា​ គឺ​ដោយ​សារ​លោក​ចង់​លើក​ទឹកចិត្ត​លោក​ឲ្យ​បាន​ជួប​សួរ​សុខទុក្ខ​គ្នា​ ព្រោះ​គាត់​មិន​ដែល​បាន​ជួប​គ្នា​ក្នុង​លក្ខណៈ​បែប​នេះ​ឡើយ​។

លោក​បន្ត​ថា​ ចំណុច​សំខាន់​មួយ​ទៀត ​គឺ​លោក​ចង់​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ និង​លើក​ទឹកចិត្ត​ពួកគាត់​កុំ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ អ្នក​សិល្បៈ​ចាប៉ី​ដង​វែង​នៅ​ឯកា​មិនសូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​កូន​ខ្មែរ​ជំនាន់​ក្រោយ។

​ តារា​ចម្រៀង​រូប​នេះ​បន្ត​ថា​  សកម្មភាព​​ខាងលើ​​លោក​ក៏​មាន​គោល​បំណង​ចង់​បំផុស​ឲ្យ​កូន​ខ្មែរ​ ជា​ពិសេស​ក្រសួង​ពាក់ព័ន្ធ​គួរ​យក​ចិត្ត​ទុកដាក់​មក​លើ​ព្រឹទ្ធាចារ្យ​ ចាប៉ី​ដង​វែង ​ ឲ្យ​បាន​ច្រើន​ ព្រោះ​ពួក​គាត់​ជា​សម្បត្តិ​វប្បធម៌​មនុស្ស​រស់​  ហើយ​ក៏​មាន​មិន​ច្រើន​នាក់​ដែរ​ ដូច្នេះ​ហើយ​ប្រសិន​បើ​មាន​ការ​លើក​ទឹក​ចិត្ត​ពួក​គាត់​បាន​ដិត​ដល់​ តម្លៃ​នៃ​សិល្បៈ​ខ្មែរ​មួយ​នេះ​ ក៏​ប្រសើរ​ឡើង​ផង​ដែរ​។

លោក​ សន ​វិជ្ជបុត្រ​ ដោយ​ការ​យល់​ឃើញ​នូវ​ចំណុច​ទាំង​នេះ​ហើយ ​ទើប​លោក​ខិតខំ​កៀរគរ​រក​ជំនួយ​ពី​បង​ប្អូន​ក្នុង​ និង​ក្រៅ​ស្រុក​ រួម​ជា​មួយ​ថវិកា​ផ្ទាល់​ខ្លួន​លោក​ធ្វើ​កម្មវិធី​នេះ​ឡើង​ ហើយ​ការ​រៀបចំ​ឲ្យ​ព្រឹទ្ធាចារ្យ​ ចាប៉ី​ដង​វែង​ ទាំង​ប្រាំ​រូប​ជួប​គ្នា​នេះ ​ក្រៅ​ពី​​ឲ្យ​ពួក​គាត់​ញ៉ាំ​អាហារ​ជុំ​គ្នា​ លោក​បាន​រៀបចំ​អំណោយ​គ្រឿង​បរិភោគ ​និង​សម្ភារ​ប្រើប្រាស់​ និង​ប្រាក់​ម្នាក់​ចំនួន​មួយ​រយ​ដុល្លារ​ផង​ដែរ​៕

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor