
ប៉ូលិស ថៃ ចាប់បានស្ដេចថ្នាំញៀនធំបំផុតជនជាតិ ឡាវ ក្នុងទីក្រុង បាងកក ក្រោយពីស្ដេចថ្នាំញៀន ចុះពីយន្តហោះភ្លាម នៅលើអាកាសយានដ្ឋានសុវណ្ណភូមិក្នុងទីក្រុង បាងកក ក្រោមផែនការឆ្មក់ចាប់ខ្លួន ទ្រង់ទ្រាយធំបំផុត ដែលប៉ូលិស ថៃ បានដាក់ពង្រាយកងកម្លាំងបង្កប់រាប់រយនាក់ នៅជុំវិញអាកាសយានដ្ឋាន ។
សកម្មភាពចាប់ខ្លួនធ្វើឡើងក្នុងពេលដែលមនុស្សម្នាក់ពុងធ្វើដំណើរក្នុងអាកាសយានដ្ឋានសុវណ្ណភូមិ ដោយកម្លាំងបង្កប់ បានចេញមកពីគ្រប់ទិសទី សំដៅទៅរកស្ដេចថ្នាំញៀន ដែលកំពុងដើរដោយមិនដឹងខ្លួន ។
អធិការប៉ូលិសប្រឆាំងថ្នាំញៀន ថៃ បញ្ជាក់ថា ភ្នាក់ងារសម្ងាត់បានតាមដានស្ដេចថ្នាំញៀនឈ្មោះ សាយ៉ាសាណា (Xayasana) អាយុ ៤១ ឆ្នាំ ជនជាតិ ឡាវ អស់ពេលដ៏យូរ ។ សាយ៉ាសាណា គឺជាមេខ្លោងថ្នាំញៀន ដែលមានបណ្ដាញចែកចាយនៅទូទាំង អាស៊ីអាគ្នេយ៍ ប៉ុន្តែសហប្រតិបត្តិការរវាងប៉ូលិស ថៃ និងប៉ូលិស ឡាវ ព្រមទាំងព័ត៌មានបានមកពីប្រទេស សិង្ហបុរី បានឈានទៅដល់ការចាប់ខ្លួន សាយ៉ាសាណា ។
កុម្ម៉ង់ដូ ថៃ ធ្លាប់បានឆ្មក់ចូលអគារជាង ២០ កន្លែង ដើម្បីចាប់ខ្លួន សាយ៉ាសាណា ប៉ុន្តែមិនបានជោគជ័យឡើយ ព្រោះតែស្ដេចថ្នាំញៀន មានបណ្ដាញគ្រប់ទីកន្លែង ដែលអាចឲ្យមេខ្លោងថ្នាំញៀនគេចផុតពីការឡោមព័ទ្ធជាច្រើនលើក ។ សាយ៉ាសាណា គឺជាស្ដេចថ្នាំញៀនទី ៤ ដែលត្រូវបានចាប់ខ្លួនក្នុងប្រទេស ថៃ ក្នុងចំណោមស្ដេចថ្នាំញៀនទាំង ៩ រូប ដែលប៉ូលិសថៃកត់ចូលក្នុងបញ្ជីឧក្រិដ្ឋជនធំបំផុត ។
ប្រភពៈ khaosodenglish

ផ្តល់សិទ្ធិដោយ៖KQUBE