
ខេត្តសៀមរាប៖ សិស្សសាលាដូចគ្នា ប៉ុន្តែទង្វើដែលស្ដែងចេញមក ផ្ទុយគ្នាស្រឡះជាមួយសិស្សសាលាមួយក្រុមទៀត ដែលនាំគ្នាហុចផ្កាសារភាពស្នេហ៍ នៅក្នុងថ្នាក់រៀន ហើយក៏ត្រូវទទួលបានកិច្ចសន្យា ជាមួយនិងពាក្យប្រៀនប្រដៅពីបណ្ដាអ្នកលេងហ្វេសប៊ុកយ៉ាងចាស់ដៃ ដោយឡែកសិស្សសាលាមួយក្រុម ដែលរៀននៅថ្នាក់ទី១១ F នៃវិទ្យាល័យ១០មករា ក្នុងខេត្តសៀមរាប បានទទួលការកោតសរសើរ និងអបអរសាទរ ព្រោះតែទង្វើរបស់ពួកគេ ដែលចេះជួយមិត្តភ័ក្ដិរួមថ្នាក់រួមសាលា ដែលមានជីវភាពទន់ទាបជាងខ្លួន។ តើរំភើបប៉ុណ្ណាទៅ នៅពេលដែលអ្នកបានទទួលការស្រឡាញ់ពីមិត្តភ័ក្ដិ?

តើមានកិត្តិយសប៉ុណ្ណាទៅដែលយើងជាអ្នកក្រ ហើយទទួលបានការផ្ដល់តម្លៃពីមិត្តភ័ក្ដិ និងអ្នកជុំវិញខ្លួន? ច្បាស់ជាស្រកទឹកភ្នែកមិនខាន!។
ក្នុងទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Hêy Crüsh បានបង្ហោះវីដេអូ ដែលស្ដែងពីសកម្មភាពស្រែកហ៊ោកញ្ជ្រៀវក្នុងថ្នាក់ អបអរសាទរមិត្តភ័ក្ដិរបស់ខ្លួន ដែលទើបទទួលបានកង់ថ្មី និងសម្ភារៈមួយចំនួនទៀត ដែលជាលុយរបស់មិត្តក្នុងថ្នាក់របស់ពួកគេ ចូលគ្នាទិញកង់មួយគ្រឿងនេះ ជាមួយនិងសំណេរថា៖
"ថ្ងៃនេះខ្ញុំនិងមិត្តរួមថ្នាក់ព្រមទាំងមិត្តនៅថ្នាក់ផ្សេង បានប្រមូលលុយគ្នាដើម្បីទិញកង់និងសម្ភារៈផ្សេងៗទៀត ដើម្បីជួយដល់មិត្តរួមថ្នាក់របស់ខ្ញុំដែលមានជីវភាពខ្វះខាត ហើយខ្ញុំក៏សូមអរគុណដល់មិត្តរួមថ្នាក់ទាំងអស់គ្នា និងមិត្តនៅថ្នាក់ដទៃទៀត ដែលបានចូលរួមគ្នាជាលុយនិងជាសម្ភារៈជាច្រើនជូនដល់គាត់។ មិត្តមិនប្រកាន់វណ្ណៈ"៕
ផ្តល់សិទ្ធិដោយ៖KQUBE





