
សិល្បៈ ៖ មួយរយៈខ្លីនេះតារាចម្រៀងលោក នី រតនា និងកញ្ញា ឈិន ម៉ានិច្ច ត្រូវបានទស្សនិកជនជាច្រើនបង្ហាញការចាប់អារម្មណ៍ជាខ្លាំង នៅពេលពួកគេបានច្រៀងបទឆ្លងឆ្លើយអត្ថន័យទៅវិញទៅមក គឺបទ "នារីក្នុងសុបិនបងគឺជាអូន" និងបទ "នារីក្នុងសុបិនបងជាអ្នកណា? " រហូតមានអ្នកគាំទ្រជាច្រើនវាយតម្លៃថា អ្នកទាំងពីរជាដៃគូចម្រៀងដ៏ស័ក្ដិសមថែមទៀតផង។ ក្រៅពីភាពស័ក្ដិសម តើ នី រតនា និង ឈិន ម៉ានិច្ច មានអ្វីលើសពីនេះ ?
ក្រោយពីបានធ្វើកុងត្រានៅផលិតកម្ម ហង្សមាស ម្ចាស់ពានកម្មវិធី Cambodian idol និងម្ចាស់ពាន កម្មវិធី The Voice Cambodia លោក នី រតនា និងកញ្ញា ឈិន ម៉ានិច្ច ទើបតែមានចេញបទចម្រៀងច្រៀងឆ្លងឆ្លើយអត្ថន័យគ្នាមួយបទខាងលើនេះទេ ប៉ុន្តែអ្នកទាំងពីរក្រសោបបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ហើយភាពជោគជ័យនេះលោក នី រតនា ក៏បានបញ្ជាក់ថា ពួកគេទាំងពីរនាក់ក៏នៅមានបទចម្រៀងច្រៀងរួមគ្នាមួយចំនួនទៀតគ្រោងចេញក្នុងពេលខាងមុខផងដែរ ហើយការចាប់ដៃគូរបស់ពួកគេ ក៏ជាធ្វើឡើងតាមសំណូមពរពីសំណាក់ទស្សនិកជនផងដែរ។
លោកបន្តថា បទចម្រៀងទាំងនោះមានបទខ្លះបានថតសំឡេងរួចហើយ និងបទខ្លះទៀតកំពុងហាត់សមនៅឡើយ ដូច្នេះហើយលោកមិនទាន់អាចប្រាប់ចំណងជើងបានទេ ប៉ុន្តែពេលបទចម្រៀងពួកយើងទាំងពីរនាក់ចេញទៅដល់ទីផ្សារ លោកមានសង្ឃឹមថា បងប្អូននិងជួយគាំទ្រ ដើម្បីលើកទឹកចិត្តពួកគេឲ្យមានកម្លាំងចិត្ត ដើម្បីខិតខំរិះរកនូវថ្មីដែលថ្មីមកជូនមហាជនបន្ថែមទៀត។
តាមការបញ្ជាក់ខាងលើនេះលោក នី រតនា និងកញ្ញា ឈិន ម៉ានិច្ច មិនត្រឹមតែជាដៃគូចម្រៀង ដ៏ស័ក្ដិសមប៉ុណ្ណោះទេ ពួកគេថែមទាំងទទួលបានការលើកស្ទួយពី ហង្សមាស ថែមទៀត ដូច្នេះហើយគួបផ្សំអ្នកទាំងពីរមានសមត្ថភាពខ្ពស់ផងនោះ ប្រាកដជាសាងឥទ្ធិពលលើវិថីសិល្បៈ ធ្វើឲ្យរៀមច្បងមួយចំនួនពិតជាមិនហ៊ានមើលស្រាលនោះទេ៕



ផ្តល់សិទ្ធិដោយ៖KQUBE