Sponsor

បុណ្យ​ចូលឆ្នាំ​​ប្រពៃណី​ចិន​ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា ហាក់​ត្រូវ​បាន​អនុវត្តន៍​ ឬ ​ប្រតិបត្តិ​ដោយ​កូន​ខ្មែរ​ សែស្រឡាយ​ចិន យ៉ាង​គគ្រឹកគគ្រេង​​នៅ​កម្ពុជា ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ក៏​ពិធី​បុណ្យ​​មិន​ត្រូវ​បាន​ប្រតិបត្តិ​ទាំង​ស្រុង​នោះ​ដែរ ព្រោះ​នៅ​មាន​គ្រួសារ​ខ្លះ​ ដែល​មិន​ជាប់​សែស្រឡាយ​មិន​បាន​រៀបចំ​សែន​ឡើយ ប៉ុន្តែ​ពួក​គេ​ក៏​ចូល​រួម​សប្បាយ​រីករាយ​ជាមួយ​គ្នា​ផង​ដែរ។

ជាក់​ស្ដែង លោក ​សុខា ជា​បុគ្គលិក​ក្រុមហ៊ុន​ថេកណឡូជី​មួយ​នៅ​ទី​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា តាំង​ពី ដើម​រៀង​គ្រួសារ​របស់​លោក​ក៏​មិន​ដែល​រៀបចំ​សែន​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​ឡើយ ដូនតា​របស់​លោក​ជា​ខ្មែរ​ មិន​ជាប់​សែស្រឡាយ​ឡើយ។

ស្រដៀង​គ្នា​នេះ​ដែរ លោក​ ចាន់​ថា មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង បាន​សម្ដែង​ក្ដី​រីករាយ​ ចំពោះ​ពិធី​បុណ្យ​បរទេស​មួយ​នេះ​ ប៉ុន្តែ​លោក​អះអាង​ថា សម្រាប់​លោក​ផ្ទាល់​ទោះបីជា​ មាន​គ្រួសារ​ជា​អ្នក​ភ្នំពេញ​ក្ដី ប៉ុន្តែ​លោក​មិន​បាន​រៀបចំ​សែន​ព្រេន​អី​នឹង​គេ​នោះ​ទេ។ ព្រោះ​ទម្លាប់​គ្រួសារ​លោក​ មិន​មាន​រៀបចំ​ ហើយ​បើ​រៀបចំ​ដោយ​ខ្លួន​ឯង​ខ្លាច​មិន​ទំនង។

ងាក​មក​អ្នក​មីង​សោភា ជា​បុគ្គលិក​ ផ្នែក​អនាម័យ​នៃ​ក្រុមហ៊ុន​មួយ​នៅ​ម្ដុំ​ទំនប់​ទួលគោក​ បាន​ប្រាប់​ថា ចូល​រួម​សប្បាយ​ជាមួយ​គេ​ឯង​ដែរ តែ​មិន​រៀបចំ​សែន​ព្រេន​អ្វី​​នៅ​ផ្ទះ​នោះ​ទេ ព្រោះ​ការ​សែន​នេះ​ត្រូវ​ចំណាយ​ខ្ពស់​ ម្យ៉ាង​ទៀត​មិន​មាន​ជាប់​សែស្រឡាយ​អ្វី​នឹង​គេ​ទេ​។ ​

យ៉ាងណា​ក៏​ដោយ​អ្នក​ទាំង​៣​ខាង​លើ​នេះ បាន​ប្រាប់​ដូច​ៗ​គ្នា​ថា បើ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ក៏​ជា​ការ​ល្អ​ដែរ ព្រោះ​បាន​ជួប​ជុំ​គ្រួសារ​ ឬ រៀបចំ ​ដំណើរ​កម្សាន្ត បាន​សម្រាក​លំហែ​កាយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន-វៀតណាម​នឹង​ ប្រារព្ធ​នៅ​ថ្ងៃ​ទី​២៨​ ខែ​មករា ឆ្នាំ​២០១៧។

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor