
ក្រុមបឹងកេតនឹងធ្វើការប្រកួតជាមួយ Lao Toyota FC ក្នុងពានរង្វាន់ AFC cup វគ្គជម្រុះ Play-off ជើងទីមួយនៅយប់នេះ ហើយការប្រកួតនេះក៏ជាលើកចុងក្រោយ សម្រាប់កំពូលខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ដែលលេងក្នុងទឹកដីកម្ពុជាផងដែរ។ កីឡាករវ័យ២២ឆ្នាំនឹងធ្វើដំណើរទៅកាន់ទឹកដីជប៉ុន ដើម្បីទៅប្រកបអាជីពបាល់ទាត់លើកដំបូងបង្អស់របស់ខ្លួនក្នុងក្លឹប Fujeida F.C ។
កីឡាករដែលលេងឲ្យជម្រើសជាតិកម្ពុជាក្រុមធំបាន ២៨ ប្រកួតរកគ្រាប់បាល់បាន ១០គ្រាប់រូបនេះនឹងទៅលេងនៅក្លឹបលីកលំដាប់ទី៣ជប៉ុនក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាល។ ស្របពេលបឹងកេតត្រូវប្រកួតជម្រុះ Play-off ពាន AFC Cup ជាមួយក្រុមជើងឯករងលីកកំពូលឡាវ Lao Toyota រូបគេនឹងជួយក្រុមមួយនេះមុនពេលហោះហើរទៅកាន់ជប៉ុន។
អំឡុងពេលហ្វឹកហាត់ក្នុងពហុកីឡដ្ឋានជាតិកម្ពុជា កាលពីម្សិលមិញកីឡាករបាននិយាយថា៖" នេះជាការប្រកួតចុងក្រោយរបស់ខ្ញុំនៅបឹងកេតអង្គរ ដែលនៅលើទឹកដីកម្ពុជា។ ខ្ញុំចង់ឃើញអ្នកគាំទ្រមកទស្សនាឲ្យបានច្រើនកុះករ ហើយពិសេសសូមឲ្យអ្នកគាំទ្រជួយគាំទ្រ ការចូលទស្សនាការប្រកួតក្នុងលីកឲ្យបានច្រើន។ សូមអរគុណសម្រាប់ការគាំទ្រ ក្នុងការប្រកួតក្នុងក្រុមជម្រើសជាតិ និងលីកកន្លងមក។"
សូមបញ្ជាក់ថា បឹងកេតអង្គរនឹងទទួលភ្ញៀវ Lao Toyota FC នៅវេលាម៉ោង ៦ និង ០០នាទីយប់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០១៧ នេះតែម្ដង។
ផ្តល់សិទ្ធិដោយ៖KQUBE