Sponsor

​រាជធានី​ភ្នំពេញ៖ អាវុធហត្ថ​រាជ​ធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២២​នាក់​ ទៅ​តុលាការ ជាបន្តបន្ទាប់ ក្នុង​នោះ​មាន​២០​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ និង​០២​នាក់ ទៀត​ពាក់ព័ន្ធ​ករណី​ទទួល​ផល​ចោរកម្ម នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១៧​។​

នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ នៅ​មុខ​នេះ​បន្តិច​។​ ​ជន​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ទាំង​២០​នាក់​ ត្រូវ​បាន​ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ដូនពេញ សហការ​ជាមួយ​ការិយាល័យ​បង្រ្កាប​បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ ​​បាន​ចុះ​បង្រ្កាប​ជាក់​ស្តែង នៅ​ចំនុច​ផ្ទះ​សំណាក់ សំណាង ផ្លូវ​លេខ​៨១ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូនពេញ ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៧។

​តាម​ការ​ស្រាវជ្រាវ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក្នុង​នោះ​មាន​ជនសង្ស័យ​០២​នាក់ ឈ្មោះ​គឹម ខេន ហៅ​វិត ភេទប្រុស អាយុ​២៩​ឆ្នាំ មាន​មុខ​របរ​និង​ទីលំនៅ​មិន​ពិត​ប្រាកដ និង​ឈ្មោះ​សៅ វណ្ណា ​ហៅ​តុលា ភេទប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ​ គឺ​ជា​អ្នក​លក់​គ្រឿង​ញៀន​ដែល​បាន​ប្រកប​មុខ​របរ​នេះ​ជា​យូរ​មក​ហើយ​ ហើយ​ពួកគេ​បាន​សារ​ភាព​ថា​ ថ្នាំ​ញៀន​ដែល​ពួក​គេ​លក់​គឺ​ពួក​គេបា​នទិ​ញ ពី​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់​ នៅ​ម្តុំ​រោងចក្រ​ឆ្នាំង​ផ្លូវ​រទេះ​ភ្លើង​ដែល​ភូមិសាស្រ្ត​នេះ ​កន្លង​មក​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​គណៈ​បញ្ជារ​ការ​រដ្ឋបាល​ខណ្ឌ​ដូនពេញ ក៏​ដូច​ជា​សមត្ថកិច្ច​ផ្សេង​ទៀត ចុះ​បង្រ្កាប​ និង​ឃាត់​ខ្លួន​មនុស្ស​រាប់​សិប​នាក់​បញ្ជូន​ទៅ​តុលាការ ជា​ច្រើន​លើក​មក​ហើយ​។

​ រឺ​ឯ​ជនសង្ស័យ​១៨​នាក់​ទៀត ដែល​កម្លាំង​អាវុធហត្ថរាជ​ធានី​ភ្នំពេញ ​ឃាត់​ខ្លួន​ព្រ​ម​ជា​មួយ​គ្នា​ដែល​នោះ គឺ​ជា​អ្នក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ ដែល​បាន​ទិញ​បន្ត​ពី​ជនសង្ស័យ ទាំងពីរ​នាក់​ខាង​លើ។​ ​ចំណែក​ឯ​ជន​សង្ស័យ​០២​នាក់​ទៀត​ពាក់ព័ន្ធ​ករណី​ចោរ​កម្ម មាន​ឈ្មោះ រី ចិន្តា ហៅ​ ដា ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ និង​ឈ្មោះ យិន សារ ហៅ អ៊រ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ត្រូវ​បាន​អាវុធហត្ថ​ខណ្ឌ​៧​មករា​ នៃ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​កាល​ពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៣៣៦​ (ម្តុំ​សណ្ឋាគារ​ឈូក​ទិព្វ) សង្កាត់​ផ្សារ ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ ខណៈ​ពេល​ដែល​ពួកគេ​បាន​យក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហ្វីណូ ពណ៍​ខ្មៅ​លាយ​ឈាម​ជ្រូក មាន​ស្លាក​លេខ​មិន​ប្រក្រតី ​(ដោយ​កែ​ស្លាក​លេខ ពី​លេខ ភ្នំពេញ 1CT-0902 ទៅ​ជា ភ្នំពេញ 1CI-0909 ) ទៅ​ផ្ញើរ​នៅ​សណ្ឋាគារ​ឈូកទិព្វ។ ​

តាមការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​ចំលើយ​សារភាព​របស់​ជនសង្ស័យ ម៉ូតូ​០១​គ្រឿង​នេះ ពួក​គេ​បាន​ទិញ​ពី​ឈ្មោះ​ សុខ ជា​ប្អូន​ធម៌​ដែល​បាន​មក​ពី​ការ​លួច​កាច់​សោរ​នៅ​ផ្សារ​ទួល​សង្កែរ​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៧ បច្ចុប្បន្ន​ឈ្មោះ​ សុខ សមត្ថកិច្ច​អាវុធហត្ថ​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​បន្ត៕​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor