
ថ្មីៗនេះ មានហេតុការណ៍ដ៏ស្ចារ្យបានកើតឡើងនៅប្រទេសចិន ដោយព្រះពុទ្ធរូបមួយអង្គមានអាយុកាល៦០០ព្រះវស្សាត្រូវបានគេប្រទះឃើញងើបចេញពីទឹកនៅក្នុងអាងទឹកដ៏ធំមួយនៅភាគខាងកើតនៃខេត្ត Jiangxi ប្រទេសចិន ខណៈពេលដែលក្រុមការងារកំពុងជួសជុលអាងទឹកនោះ ម្យ៉ាងទៀតប្រជាជនចិនយល់ថា នេះគឺជាសញ្ញាដ៏ល្អ និងមានបុណ្យបារមីមួយសម្រាប់ប្រទេសរបស់គេផងដែរ នេះបើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយ។
មន្ត្រីរបស់ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍ឲ្យដឹងថា ព្រះពុទ្ធរូបដែលមានអាយុកាល៦០០នេះ បានអណ្ដែតចេញពីទឹកឡើង ដោយបង្ហាញព្រះកេសបន្តិចម្ដងៗអស់រយៈពេលជិតមួយខែទៅហើយ ចំពេលដែលក្រុមការងារ កំពុងធ្វើការជួសជុលនៅរនាំងទំនប់វារីអគ្គិសនីមួយនៅខាងកើតខេត្ត Jiangxi ប្រទេសចិន។
ក្រុមបុរាណវត្ថុវិទូបានឲ្យដឹងផងដែរថា រូបចម្លាក់ពុទ្ធបដិមានេះគឺកសាងឡើងតាំងពីសម័យរាជវង្សម៉េងមកម្ល៉េះ ក្នុងអំឡុងឆ្នាំ ១៣៦៨ ដល់ ១៦៤៤ រហូតមកដល់បច្ចុប្បន្នមានអាយុកាល៦០០ព្រះវស្សាទៀតផង។ គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងប្រជាជនក្នុងតំបន់នេះយ៉ាងច្រើនកុះករផ្អើលទៅទស្សនាគ្រប់ៗគ្នា ម្យ៉ាងទៀតមន្ត្រីផ្នែកបុរាណវត្ថុវិទូ កំពុងចាត់កម្លាំងឲ្យដង្ហែចូលទៅតម្កល់ទុកជាវត្ថុបុរាណអច្ឆរិយជាតិផងដែរ៕
ផ្តល់សិទ្ធិដោយ៖ KQUBE