
សិល្បៈ ៖ បទចម្រៀង "ប្ដីអ្នកក្រ" គឺជាបទមនោសញ្ចេតនាស្នេហាមិនសមបំណង ដោយសារខាងស្រីបែកចិត្តពីប្ដីអ្នកក្រទៅមានប្រុសថ្មីជាអ្នកមានទ្រព្យបន្សល់ទុក្ខការឈឺចាប់ឥតគណនាឲ្យប្ដីរហូតមកដល់សព្វថ្ងៃ។សាច់រឿងក្នុងបទចម្រៀងមួយបទនេះត្រូវបានអ្នកនិពន្ធលោក ងួន សុបិន ប្រាប់ថា ជារឿងពិតរបស់តារាចម្រៀងកំពុងល្បីឈ្មោះនៅក្នុងផលិតកម្ម ថោន ម្នាក់។
លោក ងួន សុបិន បន្តប្រាប់ទៀតថា រឿងរ៉ាវក្នុងបទចម្រៀងខាងលើគឺជារឿងពិតប្រមាណ៩០ភាគរយ ហើយតារាចម្រៀងដែលជាម្ចាស់នៃរឿងនេះលោកសុំមិនអាចបញ្ចេញឈ្មោះក្នុងពេលនេះបានទេ ព្រោះមិនទាន់បានសាកសួរសាមីខ្លួន។
លោកបន្តថា រឿងពិតមួយនេះម្ចាស់ខ្លួនគេបានលាក់បាំងយូរឆ្នាំមកហើយ ពោលគឺរឿងនេះបានកើតឡើងតាំងពីគេចូលប្រឡូកអាជីពសិល្បៈដំបូងមិនទាន់ល្បីឈ្មោះមកម្ល៉េះ ពេលនោះគេមានសង្សារម្នាក់ ហើយបានរួមរស់ជាមួយគ្នាដូចប្ដីប្រពន្ធ។
អ្នកនិពន្ធលោក ងួន សុបិន បន្តថា គ្រានោះតារាចម្រៀងម្នាក់នេះនៅក្រលំបាកណាស់ ដូច្នេះហើយក្រោយពីគេបានរួមរស់ជាមួយគ្នាបានមួយរយៈ ស្រាប់តែសង្សារគេបានជួបអ្នកថ្មីមានទ្រព្យ នាងក៏បែកចិត្តទៅចោលសង្សារអ្នកក្រ ឬប្ដីអ្នកតែម្ដង រឿងនេះធ្វើឲ្យតារាចម្រៀងដែលកំពុងល្បីឈ្មោះនៅ ថោន សព្វថ្ងៃនៅមិនអាចបំភ្លេចស្នេហាឈឺចាប់នេះនៅឡើយ។
គួរបញ្ជាក់ដែរថា បទចម្រៀង "ប្ដីអ្នកក្រ" បានចេញលក់ជា Audio CD Vol 100 នៅក្នុងផលិតកម្ម ថោន មានរយៈពេលប្រមាណជាពីរខែមកហើយ។ នៅថ្ងៃម្សិលមិញ MV បទនេះក៏បានចេញ Trailer នៅក្នុងPage Official Town Production ហើយក៏មានទស្សនិកជនជាច្រើនកំពុងចាប់អារម្មណ៍និងរង់ចាំទស្សនា Full MV ដែលត្រៀមចេញនៅដើមខែកុម្ភៈខាងមុខ៕
ផ្តល់សិទ្ធិដោយ៖KQUBE

