Sponsor
​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំទាន​ទេ​ ​​អ្នក​សុំទាន​អាច​មាន​​១​ពាន់​រៀល​​​តែ​ខ្ញុំ​គ្មាន​ទេ​

​បន្ទាប់​ពី​គេហទំព័រ​​ Kqube.net​ បាន​ចុះ​ផ្សាយ​ថា​ អតីត​អ្នក​ចម្រៀង​ចាប៉ី​ដង​វែង ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ លោក​តា​ សួន សាន​ ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន​តាម​ថ្នល់​ ជា​របរ​ចិញ្ចឹម​ជីវិត​ ខណៈ​ដែល​មាន​វីដេអូ​ជាក់​ស្ដែង ដែល​លោក​តា​ជិះ​លើ​រទេះ ​ហើយ​​ប្រជាពលរដ្ឋ​ជាច្រើន បាន​ជួយ​ឧបត្ថម្ភ​លុយ​បន្តិចបន្តួច​មក​នោះ ព័ត៌មាន​នេះ​បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​ សម្ដែង​ការ​អាណិត​អាសូរ​ ពី​ខ្សែ​ជីវិតដ៏​កម្សត់​របស់​លោកតា។

តែ​លោក​តា​បញ្ជាក់​ថា​ គឺលោក​ដឹង​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ ថា​តើ​ពួក​គាត់​មាន​អារម្មណ៍​បែប​ណា ​ពេល​ឃើញ​គាត់​ដុនដាប​ដល់​ថ្នាក់​នេះ តែ​ធាតុ​ពិត​លោកតា​ពិតជា​ធ្លាក់​ខ្លួន​ក្រ​រហូត​ដល់​កម្រិត​០​ពិត​មែន​។​ ប៉ុន្តែ​នៅ​ល្ងាច​នេះ​ ពេល​ធ្វើ​បទ​សម្ភាស​ជា​មួយ Kqube​.net បន្ថែម ​លោក​តា សួន សាន បាន​រៀបរាប់​ប្រាប់​ពី​ជីវិត​ទី​ទាល់​របស់​លោកតា​ថា លោក​បាន​ធ្លាប់​ខ្លួន​ឈឺ​មាន​រយៈ​ពេល​៣​ឆ្នាំ​ម​ក​ហើយ គឺ​ស្ពឹកនិង​ចុក​ចាប់​ដៃ​ជើង ហើយ​ជំងឺ​នេះ​លោក​ក៏បាន​ទៅ​ពេទ្យ​ធំៗ​ច្រើន​លើក​មក​ហើយ​ដូចជា មន្ទីរពេទ្យ រុស្សី កាល​ម៉ែត្រ រហូត​អស់​ទ្រព្យ​ពី​ខ្លួន ប៉ុន្តែ​លទ្ធផល​ពេទ្យ​បាន​ប្រាប់​ថា គ្មាន​ជំងឺ​អ្វី​ទៅ​វិញ។

លោកតា​ សួន សាន បន្ត​ថា​ នៅ​ពេល​ព្យាបាល​នៅ​ពេទ្យ​មិន​ធូរ​ស្រាល ​លោក​ក៏​បាន​ងាក​មក​រក​គ្រូ​ខ្មែរ​ម្តង​វិញ ក្រែង​មាន​លទ្ធផល​ ​ហើយ​​ពី​ម្សិល​ម្ងៃ​នេះ​ លោក​បាន​ទៅ​យក​ថ្នាំ​ពី​គ្រូ​ខ្មែរ​នៅ​ម្តុំ​វត្ត​ដំបូង​ខ្ពស់ ខណៈ​នោះ​ពេល​ចុះ​ពី​ឡាន​ឈ្នួល​លោក​មិន​ឲ្យ​ចៅ​រុញ​រទេះ​ទេ ​គឺ​លោក​តា​ចង់​ប្រើ​រទេះ​ដោយ​ខ្លួន​ឯង ព្រោះ​ចង់​ដឹង​ថា ក្នុ​ង​នាម​លោក​តា​​ជា​អ្នក​សិល្បៈ​ម្នាក់​ធ្លាក់​ខ្លួន​ទៅ​ជា​បែប​នេះ​ តើ​បងប្អូន​ខ្មែរ​មាន​អារម្មណ៍​យ៉ាងណា​សម្រាប់​រូប​​គាត់​ ពេល​នោះ​ក៏​មាន​បងប្អូន​គាត់​អាណិតអាសូរ​ជូន​លុយ​ជាច្រើន​នាក់ ហើយ​លោក​ក៏​បាន​ឲ្យ​ពរ​គេ​ជា​ទំនុក​ចាប៉ី​អញ្ចឹង​ទៅ​​​​។

​អតីត​អ្នក​ច្រៀង​ចាប៉ី​ដង​វែង​រូប​នេះ​បន្ត​ថា ពេល​នោះក៏​មាន​អ្នក​ខ្លះ​​ថតគាត់​ផុស​ក្នុង​ហ្វេស​ប៊ុក​ ដែល​ធ្វើ​ឲ្យ​មាន​ការ​យល់​ថា​លោក​ជា​អ្នក​សុំទាន​តែ​ម្ដង​ទៅ តែ​ធាតុ​ពិត​លោក​មិន​បាន​តាំង​ចិត្ត​សុំទាន​ទេ​ ទោះ​ជា​ខ្លួន​ធ្លាក់​ដុន​ដាប់​យ៉ាង​ក៏​ដោយ។ ​ លោក​តា​បន្ត​ថា បើ​និយាយ​ពី​ជីវភាព​គឺ​ លោក​តា​ធ្លាក់​ដល់​ចំណុច​សូន្យ​តែ​ម្តង​ ពោល​គឺ​អ្នក​សុំទាន​ខ្លះ​គាត់​អាចមាន​លុយ​១​​ពាន់​រៀល​ក្នុង​ហោប៉ៅ ​តែ​សម្រាប់​រូប​លោក​តា ពេល​ខ្លះ​គឺ​គ្មាន​ទាំង​លុយ​១​ពាន់​រៀល​ក្នុង​ហៅ​ប៉ៅ​ផង តែ​ទោះ​យ៉ាងណា​លោក​នៅ​តែ​ជម្នះ​រស់ ព្រោះ​សង្ឃឹម​ក្រែង​ថ្ងៃ​ក្រោយ​ជំងឺ​ជា​សះស្បើយ អាច​ចាប់​កាន់​ចាប៉ី ​ច្រៀង​ជូន​បង​ប្អូន​ខ្មែរ​បាន​ស្ដាប់​បន្ត​ទៀត​៕

​​លោក​តា​ សួន​ សាន​​៖​ខ្ញុំ​មិន​ជា​អ្នក​​​សុំទាន​ទេ​ ​​អ្នក​សុំទាន​អាច​មាន​​១​ពាន់​រៀល​​​តែ​ខ្ញុំ​គ្មាន​ទេ​

ផ្តល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor