
នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧នេះ លោក Donald Trump បានបណ្ដេញអគ្គរដ្ឋអាជ្ញារងអាមេរិក លោកស្រី Sally Yates ចេញពីតំណែងបន្ទាប់ពីលោកស្រីបានបញ្ជាឱ្យក្រសួងយុត្តិធម៌ ច្រានចោលបទបញ្ជាដ៏ចម្រូងចម្រាស់មួយរបស់លោក ពាក់ព័ន្ធទៅនឹងការហាមឃាត់ជនអន្តោប្រវេសន៍ ជនមូស្លីមមកពីបណ្ដាប្រទេសចំនួនប្រាំពីរ ដោយមិនឱ្យចូលមកកាន់ទឹកដីអាមេរិក នេះបើតាមសារព័ត៌មាន Channel News Asia បានចុះផ្សាយ។
លោក Donald Trump ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកបានធ្វើសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា "លោកស្រី Sally Yates អគ្គរដ្ឋអាជ្ញារង បានធ្វើសកម្មភាពក្បត់នឹងក្រសួងយុត្តិធម៌ ដោយបដិសេធអនុវត្តន៍លើបទបញ្ជាស្របច្បាប់មួយ ដែលរូបលោកផ្ដួចផ្ដើមឡើង ដើម្បីការពារប្រជាជនអាមេរិក" ជាហេតុនាំឲ្យប្រធានាធិបតីរូបនេះ សម្រេចចិត្តដកលោកស្រីចេញពីតំណែង ហើយជំនួសតំណែងដោយលោក Dana Boente រដ្ឋអាជ្ញានៅតំបន់ភាគខាងកើតនៃរដ្ឋ Virginia ជាអគ្គរដ្ឋអាជ្ញារងបណ្ដោះអាសន្នទៀតផង។
គួរបញ្ជាក់ផងដែរថា លោកស្រី Sally Yates និងការទូតអាមេរិកជាច្រើននាក់ទៀតក៏បានរិះគន់យ៉ាងខ្លាំងលើបទបញ្ជានេះដែរ ដោយពួកគេយល់ថា វិធានការនេះមិនអាចជួយ ដល់ប្រជាជនអាមេរិកដែលកាន់សាសនាអ៊ីស្លាមនៅទឹកដីរបស់ខ្លួននោះទេ ដោយប្រជាជនទាំងនោះមកពីប្រទេសយ៉េមែន សូម៉ាលី ស៊ូដង់ អ៊ីរ៉ាក់ អ៊ីរ៉ង់ ស៊ីរី និងលីប៊ីជាដើម៕


ផ្តល់សិទ្ធិដោយ៖KQUBE