Sponsor

រាជធានី​ភ្នំពេញ​៖ ដើម្បី​ឲ្យ​អស់​មន្ទិល​សង្ស័យ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ពិសេស​មិត្ត​អ្នកលេង​ក្នុង​បណ្តាញ​សង្គម​នោះ​​​​​​ នៅ​ល្ងាច​ថ្ងៃ​ទី​៣០​ ខែ​មីនា​ម្សិលមិញ​នេះ​ អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ឹម យ៉ាន​ ​​​​បាន​បញ្ជាក់​ប្រាប់​ដឹង​​សារ​ជា​ថ្មី​ថា អ្នក​មិន​​បាន​​កាត់​ឈ្មោះ ​គឺ​មិន​មាន​ការ​ពិន័យ​ទេ​។

ការ​បញ្ជាក់​ពាក្យ​សម្តី​របស់​ខ្លួន​សារ​ជា​ថ្មី​​នេះ​ បាន​ឡើង​​​បន្ទាប់​ពី​មាន​ប្រតិកម្ម​និង​ជា​ចម្ងល់​របស់​សាធារណជន​ពាក់ព័ន្ធ​​​​នឹង​ការប្រកាស​របស់​លោក​​​ថា​ ​អ្នក​​មិន​កាត់​ឈ្មោះ​យានយន្ត​ត្រូវ​ផាក​ពិន័យ​ព្រម​ទាំង​ប្រឈម​នឹង​ទោស​ទណ្ឌ​ ដែល​ការ​លើក​ឡើង​នេះ​​ផ្ទុយ​ពី​សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ ចុះ​​ថ្ងៃ​ទី​០៩​ ខែ​មករា​ឆ្នាំ​២០១៦​ ត្រង់​ឃ្លា​ថា​“ ​រាជរដ្ឋាភិបាល​សម្រេច​ទទួល​ស្គាល់​ការ​កាន់​កាប់​ជាក់ស្ដែង​ដោយ​មិន​តម្រូវ​ឲ្យ​មាន​ការ​បញ្ជាក់​ពី​ម្ចាស់​ដើម​ឡើយ”​

​លោក​ឧត្ដមសេនីយ៍​ឯក​ ហ៊ឹម ​យ៉ាន​ អគ្គ​ស្នង​ការ​រង​នគរបាល​ជាតិ​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​​ថា គ្រប់ម្ចាស់​យានយន្ត​ទាំងឡាយ​​ណា​ដែល​មិន​​មាន​កាត់​ឈ្មោះ ​គឺ​មិន​មាន​ការ​ពិន័យ​ ឬ​ប្រឈម​នឹង​មាន​ទោស​ទណ្ឌ​​​ជា​មួយ​ផ្លូវ​ច្បាប់​នោះ​ទេ ​ប្រសិន​ណា​ជា​មិន​បាន​ប្រព្រឹត្ត​បទល្មើស​ចរាចរណ៍ ​និង​គ្រោះ​ចរាចរណ៍​ផ្សេងៗ​។

ហើយ​ការ​មិន​បាន​ផ្ទេរ​កម្មសិទ្ធិ​វិញ​ ក៏​មិន​ទទួល​ការ​ផាក​ពិន័យ​ដែរ ​គ្រាន់​តែ​ម្ចាស់​យានយន្ត​បង្ហាញ ​ពី​ឯកសារ​ទិញ​-លក់​ដល់​សមត្ថកិច្ច​ទៅ​បាន​ហើយ​ ប៉ុន្តែ​វា​នៅ​តែ​មាន​ផលវិបាក​ខាង​ផ្លូវ​ច្បាប់​បន្តិច​ចំពោះ​ម្ចាស់​យានយន្ត​មិន​បាន​កាត់​ឈ្មោះ​ ព្រោះ​ប្រសិន​បើ​យានយន្ត​ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចរាចរណ៍​។

​ជាក់ស្ដែង​អគ្គស្នងការ​នគរបាល​ជាតិ ​នឹង​ធ្វើការ​​កែ​សម្រួល​វិធាន​ការ​ពិន័យ​ចំពោះ​អ្នក​បើកបរ​ល្មើស​ល្បឿន​កំណត់ ​ដោយ​លែង​​បញ្ឈប់​យានយន្ត​ល្មើស​តាម​ផ្លូវ​ ដើម្បី​ចេញ​បង្កាន់​ដៃ​ពិន័យ​ទៀតហើយ​​​ គឺ​ងាក​មក​ប្រើប្រាស់​ទិន្នន័យ​ចុះ​បញ្ជី​យានយន្ត​ សម្រាប់​បញ្ជូន​បង្កាន់​ដៃ​ពិន័យ ​និង​រូបថត ​យានយន្ត​ល្មើស​ល្បឿន ​ទៅ​កាន់​អាសយដ្ឋាន​ម្ចាស់​យានយន្ត​ ឲ្យ​ទៅ​បង់​ប្រាក់​ពិន័យ​ នៅ​ទីស្នាក់ការ​នគរបាល​តែ​ម្តង​តែ​​ក្នុង​ករណី​ម្ចាស់​យានយន្ត​មិន​បាន​បង់​ប្រាក់​ពិន័យ​លើស ​៩០​ថ្ងៃ​ នឹង​ត្រូវ​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ​៕​

ផ្ដល់សិទ្ធិដោយ៖KQUBE

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor