
សិល្បៈ ៖ ក្រោយពី Fans កម្ពុជាបានទន្ទឹងរង់ចាំវត្តមានកំពូលតារាចម្រៀងប្រទេសកូរ៉េខាងត្បូង Rain ជាច្រើនឆ្នាំមក នៅយប់មិញនេះមាន Fans ខ្លះបានជួប និងឃើញរូបរាងលោកផ្ទាល់ហើយ ប៉ុន្តែជួបលើកដំបូងនេះអ្នកគាំទ្រជាច្រើនត្រូវខកបំណង ព្រោះតែមិនបានជូនបាច់ផ្កា និងថតរូបជាមួយ idol របស់ខ្លួន។
ទន្ទឹងរង់ចាំថតរូប ចាប់ដៃ និងជូនបាច់ផ្កាទៅតារាចម្រៀង Rain របស់យុវវ័យកម្ពុជាកាលពីយប់មិញនេះ ទោះជាពួកគេសម្ដែងការខកបំណង ប៉ុន្តែអ្នកទាំងនេះនៅតែបង្ហាញឲ្យឃើញនូវទឹកចិត្តសប្បាយរីករាយទទួលដំណើរមកដល់របស់ Rain ហើយម្នាក់ៗក៏បានបញ្ជាក់យ៉ាងច្បាស់ថា គេនឹងទៅចូលរួមគាំទ្រផ្ទាល់នៅពេលដែលតារាចម្រៀងកូរ៉េម្នាក់នេះសម្ដែងនៅថ្ងៃស្អែកផងដែរ។

គួរបញ្ជាក់ដែរថា តារាចម្រៀង Rain ដ្បិតតែមិនដែលមកសម្ដែងនៅកម្ពុជា ប៉ុន្តែលោកធ្លាប់បានចំណាយថវិកាផ្ទាល់ខ្លួនជួយដល់ជនក្រីក្រ និងកុមារកម្ពុជា ច្រើនលើកមកហើយ។ ទឹកចិត្តសប្បុរសធម៌នេះធ្វើឲ្យរំជួលចិត្តកូនខ្មែរ និងបានគាំទ្រលោកកាន់ខ្លាំងឡើង៕


ផ្ដល់សិទ្ធិដោយ៖KQUBE