
សិល្បៈ ៖ តារាចម្រៀងលោក ព្រាប សុវត្តិ ត្រូវបានអ្នកគាំទ្រតែងលើកឡើងថា កម្របានឃើញរូបលោកចូលច្រៀងកម្មវិធីតន្ត្រីសប្បុរសធម៌មានទ្រង់ទ្រាយតូចណាស់ ចំណុចនេះធ្វើឲ្យក្រសែភ្នែកមហាជនជាច្រើនមើលឃើញថា លោកហាក់នៅឆ្ងាយពីចង្កោមអ្នកសិល្បៈដែលស្ទុះស្ទាធ្វើកម្មវិធីមនុស្សធម៌។ ប៉ុន្តែទន្ទឹមនឹងការលើកឡើង ស្រាប់តែថ្មីៗនេះលោក ព្រាប សុវត្តិ បានប្រាប់ថា លោកបានត្រៀម ខ្លួនចេញទៅសម្ដែងនៅប្រទេសជប៉ុននៅដើមខែឧសភាខាងមុខដោយមិនទទួលយកថ្លៃសម្ដែងឡើយ។

លោក ព្រាប សុវត្តិ បានបន្តប្រាប់ចំពោះមុខអ្នកកាសែតជាតិ និងអ្នកកាសែតជនជាតិជប៉ុនទៀតថា ការចេញទៅសម្ដែងនៅប្រទេសជប៉ុនរបស់លោក គឺចេញដំណើរនៅថ្ងៃទី៣០ មេសា និងត្រូវសម្ដែងនៅថ្ងៃទី០៣និងទី០៤ ឧសភា ខែក្រោយនេះ តែការសម្ដែងនេះលោកមិនបានយកថ្លៃឈ្នួលទេ ហើយក៏បានដឹកនាំក្រុមរាំ និងតន្ត្រីទៅជាមួយចំនួន១៥នាក់ផ្សេងទៀតផងដែរ។
តារាចម្រៀងដែលបង្ហាញវត្តមានច្រើនតែកម្មវិធីធំៗរូបនេះបន្តថា ការដែលលោកទៅច្រៀងនៅជប៉ុនមិនយកលុយ គឺមកពីលោកស្រឡាញ់ និងចង់ចូលរួមជួយដល់សង្គមជាតិ ព្រោះឱកាសទៅសម្ដែងជើងនេះ គឺជាកម្មវិធីពិព័រណ៍ពាណិជ្ជកម្មកម្ពុជា២០១៧ នៅប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយវប្បធម៌ សិល្បៈ និងទេសចរណ៍ក្នុងស្រុកឲ្យប្រជាជនជប៉ុនស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់៕
