
ទង្វើដ៏ផ្គើនរបស់កូរ៉េខាងជើង ដែលត្រូវបានជប៉ុនធ្វើការព្រមានជាច្រើនដងកន្លងមកនេះ នៅទីបំផុតរដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចដាក់ទណ្ឌកម្ម ដោយមិនឲ្យប្រទេសផ្ដាច់ការមួយនេះចូលចតនាវា នៅកំពង់ផែរបស់ខ្លួនទៀតឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន យ៉ុនហាប់ នាព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា។
ប្រភពខាងលើបានបញ្ជាក់ទៀតថា ក្រសួងការបរទេស ជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមេសា នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីសម្រេចដាក់ទណ្ឌកម្មទៅលើ កូរ៉េខាងជើង ដោយមិនអនុញ្ញាតឲ្យនាវាទីក្រុងព្យុងយ៉ាង ចូលចតនៅលើកំពង់ផែជប៉ុនទៀតឡើយ ចាប់ពីថ្ងៃព្រហស្បតិ៍ ខែមេសា សប្ដាហ៍ក្រោយ ទោះបីជាប្រទេសទាំងពីរនៅតែបន្តធ្វើពាណិជ្ជកម្មរួមគ្នាក៏ដោយ។
គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តដាក់ទណ្ឌកម្មខាងលើនេះ គឺត្រូវបានធ្វើឡើងក្រោយជំនួបជាមួយប្រធានាធិបតី អាមេរិក ក្នុងការប្ដេជ្ញាចិត្តទប់ស្កាត់ឥទ្ធិពលអាក្រក់របស់ កូរ៉េខាងជើង ដែលបានបាញ់មីស៊ីលទៅកាន់សមុទ្រ ក្បែរតំបន់សេដ្ឋកិច្ចសំខាន់ជប៉ុន កាលពីខែមុន។ សកម្មភាពនេះបានបង្កឲ្យប្រទេសជប៉ុន មានការព្រួយបារម្ភយ៉ាងខ្លាំងលើផ្នែកសន្តិសុខ នាថ្ងៃអនាគត៕