
អប្បិយជំនឿ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តាមទំនៀមទម្លាប់ដូនតាពីបុរាណតរៀងមក តែងប្រារព្ធនូវពិធីសែនព្រេនទទួលទេវតាឆ្នាំថ្មីមានចំនួនបីថ្ងៃ ដោយថ្ងៃទី១ មានឈ្មោះថា វរៈមហាសង្ក្រាន្ត លុះដល់ថ្ងៃទី២ ហៅថា វរៈវន័បត ចំណែកថ្ងៃចុងក្រោយបង្អស់ហៅថា វរៈឡើងស័ក ដែលជាគម្រប់បីថ្ងៃដោយបរិបូរណ៍ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំ។
ចំពោះឆ្នាំថ្មី ដែលត្រូវជាឆ្នាំរកា នព្ធស័ក គ្រោងនឹងចូលមកក្នុងពេលឆាប់ៗខាងមុខនេះ យោងតាមសៀវភៅមហាសង្ក្រាន្តរបស់ឯកឧត្ដម អ៊ឹម បុរិន្ធ អគ្គលេខាធិការរងគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រប្រពៃណីទំនៀមទម្លាប់ខ្មែរបានឲ្យដឹងថា សង្ក្រាន្តនឹងចូលមកដល់នៅថ្ងៃសុក្រ ៣រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ព.ស ២០១៧ វេលាម៉ោង ០៣:១២ នាទីទៀបភ្លឺ។
ទេពធីតាឆ្នាំនេះមានព្រះនាមថា កិមិរាទេវី ជាបុត្រីទី៦ នៃកបិលមហាព្រហ្ម ដោយទ្រង់គង់នៅឋានចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ដោយបុប្ផា ចង្កុរណី អាភរណៈ កែវបុស្សរាគ័ម ភក្សាហារទ្រង់សោយ ចេកណាំវ៉ា ព្រះហស្តស្ដាំទ្រង់កាន់ ព្រះខ័ន្ធ ព្រះហស្តឆ្វេងទ្រង់កាន់ ពិណ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នង មហឹង្សា (សត្វក្របី) ដែលជាពាហនៈ។
លុះដល់ថ្ងៃសៅរ៍ ៤រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា គឺជាថ្ងៃ វរៈវន័បត ចំណែកថ្ងៃអាទិត្យ ៥រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៦ នៅវេលាម៉ោង ៦ និង៤៦នាទីនោះ គឺជាវរៈឡើងស័ក គម្រប់ជាសង្ក្រាន្តបីថ្ងៃស្រេចដោយបរិបូរណ៍ចូលជាសកល នៃឆ្នាំរកា នព្វស័ក ចំណែកព្រះពុទ្ធសករាជ កន្លងទៅហើយបាន ២៥៦០ គិតត្រឹមថ្ងៃ ១៥កើត ខែពិសាខ លុះដល់ថ្ងៃ ១រោច ខែពិសាខ ឆ្នាំរកា នព្វស័ក តទៅនឹងចូលព្រះពុទ្ធសករាជ២៥៦១។
ចំពោះគ្រឿងរណ្ដាប់ទទួលទេវតាឆ្នាំរួមមាន៖ បាយសី ៩ថ្នាក់មួយគូ បាយសី ៧ថ្នាក់មួយគូ បាយសី ៥ថ្នាក់មួយគូ បាយសី ៣ថ្នាក់មួយគូ បាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ធូប៥ លាច៥ផ្កា៥ ដាក់លើជើងពានមួយគូ ចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លៃឈើ១១មុខ រៀបដាក់លើជើងពានមួយគូ ដូងឡៅមួយគូ និងទឹកស្អាតពីរកែវ។
សូមបញ្ជាក់ថា ប្រជារាស្ត្រធម្មតា គួរធ្វើត្រឹម បាយសី ៥ថ្នាក់ចុះក្រោម ហើយរៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀន៥ធូប៥ ស្លាធម៌កូនចែកមួយគូរក៏បានដែរ ចំណែកផ្លែឈើគួររៀបត្រឹម ៣ឬ៥មុខក៏ជាការប្រសើរ ជាពិសេសធ្វើទៅតាមធនធានរបស់ខ្លួន។ នៅគ្រប់គ្រឿងដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយដាក់លើជើងពាន និងលើបាយសី ហើយដោតទៀនដុតបំភ្លឺក្នុងពេលបីថ្ងៃតែម្ដង៕