Sponsor
Pisey

រាជធានី​ភ្នំពេញ​៖​  ​ក្នុង​ព្រឹត្តិការណ៍​ អង្គរ​សង្ក្រាន្ត​ឆ្នំា​២​០​១៧​​ ដែល​បាន​ប្រារព្ធ​ឡើង​​​ ដើម្បី​អបអរសាទរ​ ​បុណ្យ​ចូល​ឆ្នំា​ថ្មី​ប្រពៃណី​ខ្មែរ ក្នុង​រយៈពេល​​៣​ថ្ងៃ​នៅ​លើទឹក​ដី​សៀមរាប​​នោះ ទទួល​​បាន​​ភ្ញៀវ​ទេសចរ​ប្រមាណ​ជាង​ ១,៦​លាន​ (​១.​៦​៣​​១​.​៨​​០​​០)​ ​នាក់ ​ ​ពោល​បើ​ធៀប​ទៅ​នឹង​​​ឆ្នំា​២​០​១​៦​​កន្លង​ទៅ​​​​កើន​ឡើង​ជិត​២​៣​ភាគរយ​។ នេះ​យោង​តាម​ប្រសាសន៍​ឯកឧត្ដម​ ​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​។​​​​​

​បើ​តាមAKP ​ឯក​ឧត្តម​ ថោង​ ខុន​ បាន​គូស​បញ្ជាក់​ថា ​ក្នុងចំណោម​ភ្ញៀវ​ទាំង​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​មាន​​ប្រមាណ ​១,​៦​លាន​នាក់​កើន​ឡើង​ជាង​ ​២​​៣​ភាគរយ​ និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ​៣​​១​ ​៨​០​​០ នាក់​ ​កើន​ជិត​ ៨​ភាគរយ​ ហើយ​ភ្ញៀវ​ទេសចរ​ទំាង​នោះ​បាន​ផ្តល់​ប្រាក់​ចំណូល ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប​ប្រមាណ​ជា​៩​៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ឯកឧត្តម​រដ្ឋមន្ត្រី​ ​បន្ថែម​ថា ​អង្គរ​សង្ក្រាន្ត​ពិត​ជា​ព្រឹត្តិការណ៍​វប្បធម៌​អរូបី​មួយ ​ដែល​ត្រូវ​បាន​រៀបចំ​​ឡើង​ នៅ​លើ​ទឹក​ដី​បេតិកភណ្ឌ​រូបី ​ដែល​បាន​ឆ្លុះ​បញ្ចាំង​ និង​បង្ហាញ​អំពី​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ ហើយ​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ស្រាវជ្រាវ​ រុក​រក​យក​មក​ថែរក្សា ​និង​អភិវឌ្ឍន៍​។

សូម​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ​ត្រូវ​បាន​អាស៊ាន​ដាក់​បញ្ចូល​ទៅ​ក្នុង​យុទ្ធនាការ​ ទស្សនា​អាស៊ាន​ខួប​ លើក​ទី​៥០​ឆ្នាំ ​និង​ត្រូវ​បាន​អាស៊ាន​ចាត់​ទុក​ថា​ ជា​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ទាក់ទាញ​ និង​ជា​ពិធី​បុណ្យ​ដ៏​ធំ​មួយ​ក្នុង​ចំណោម ​ពីធី​បុណ្យ​ ដ៏​ល្អ​បំផុត​ទាំង​ ៥​០​របស់​អាស៊ាន​ ដែល​អាស៊ាន​បាន​ជ្រើសរើស​និង​ផ្សព្វផ្សាយ​ ដោយ​ផ្អែក​លើ​គុណ ​តម្លៃ​ក្នុង​ការ​លើក​ស្ទួយ​ការ​អភិរក្ស​ និង​ការ​លើក​តម្លៃ​វប្បធម៌ ​និង​ទំនៀម​ទម្លាប់​ តាម​រយៈ​ការ​អប់​រំ​ ការ​ចូលរួម​ និង​ការ​កម្សាន្ត​រីករាយ​ នា​ឱកាស​ពីធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​នាម​ជា​មហា​គ្រួសារ​ខ្មែរ ជាមួយ​ភ្ញៀវ​ទេសចរ​ជាតិ-​ ​អន្តរជាតិ​ ប្រកប​ដោយ​ស្មារតី​សាមគ្គីភាព ​ភាតរភាព​ និង​សុខដុម​រមនីយកម្ម​៕​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor