សៀមរាប៖ នៅរសៀលម្សិលមិញនេះ សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនម្ចាស់ហាង មួយនៅក្នុងតំបន់ Pub street ក្រោយរកឃើញថា មានការធ្វេសប្រហែស លើការទុកដាក់ រៀបចំខ្សែបណ្តាញបញ្ជូនចរន្តអគ្គីនីបណ្តាលអោយយុវតីម្នាក់ រងគ្រោះថ្នាក់ឆក់ស្លាប់នៅបរិវេណតំបន់ទេសចរណ៍ដ៏សំខាន់ ក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង១២:២២នាទីយប់ផ្តាច់ព្រាត់ នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្លងចូលថ្ងៃទី១៧ខែមេសាឆ្នាំ២០១៧ ។
គណបញ្ជារការឯកភាពក្រុង/ខេត្តសៀមរាប បានចាត់បញ្ជូន ក្រុមមន្ត្រីជំនាញ ធ្វើការត្រួតពិនិត្យ និងបិទជាបណ្តោះអាសន្នទីតាំងកន្លែងកើតហេតុ ។ជាមួយគ្នានេះដែរក្រុមការងារ បានបន្តចុះណែនាំបន្ថែមដល់បងប្អូនជីវករ នៅបរិវេណផាប់ស្ត្រីត អោយមានភាពម្ចាស់ការ លើការទុកដាក់ រៀបចំខ្សែរបណ្តាញបញ្ជូនចរន្តអគ្គីនីស បង្ការកុំអោយមាន ឧប្បតិហេតុ គ្រោះថ្នាក់ដល់ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ម្តងទៀតដូចកាលពីយប់មិញ។
លោក សូរ ប្លាតុង អភិបាលនៃគណអភិបាលក្រុងសៀមរាប បានមានប្រសាសន៍ថា លោកបានណែនាំអោយមន្ត្រីរបស់រដ្ឋបាលក្រុងសៀមរាប សហការណ៍ជាមន្ត្រីជំនាញផ្សេងៗ ជាពិសេសមន្ត្រីរបស់អង្គភាពអគ្គីសនីខេត្តសៀមរាប ធ្វើការត្រួតពនិត្យខ្សែរបណ្តាញបញ្ជូនចរន្តអគ្គីនៅបរិវេណផប់ស្ត្រីត និងណែនាំដល់បងប្អូនអាជីវករ ដែលរកស៉ីអាស្រ័យផល នៅបរិវេណផាបស្ត្រីតនេះ យល់ដឹងបន្ថែមអំពីការតបណ្តាញ និងទុកដាក់ ឧបករណ៍តភ្ជាប់អោយបានត្រឹមត្រូវ ។ហើយនាពេលខាងមុខនេះ យើងនឹងសហការណ៍ ជាមួយអង្គភាពពាក់ពន្ធ័ ធ្វើការរៀបចំខ្សែរបញ្ជូនចរន្តអគ្គីសនី អោយកាន់តែមានរបៀបរៀបរយ ទាំងគុណភាព សុវត្តិភាព និងសោភណ្ឌភាព ។
លោកអភិបាលក្រុងសៀមរាប ក៏សូមចូលរួមរំលែកនិងមរណះទុក្ខ យ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងអោយវិញ្ញាណ្ខន័ របស់ក្មួយស្រី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ ផងដែរ។ សូមរំលឹកថា កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ១៧ យុវតីរងគ្រោះ ឈ្មោះលី មុន្នីរដ្ឋានី អាយុ១៨ឆ្នាំ បានស្លាប់ដោយសារឆក់ខ្សែភ្លើង ក្នុងកំឡុងពេលដែលនាង និងមិត្តភក្តិកំពុងរាំលេងយ៉ាងសប្បាយ លាយឡំជាមួយការបាញ់ទឹកដាក់គ្នា រត់គេចទៅវិញទៅមក ក្នុងតំបន់ខាងលើ នាក្នុងក្រុងសៀមរាប ៕






