សិល្បៈ ៖ រយៈពេលភរិយាលោក រិន សាវេត កំពុងព្យាបាលនៅមន្ទីរពេទ្យតារាហង្សមាសមិនសូវមានអ្នកបង្ហាញមុខមកសួរសុខទុក្ខទេ រហូតដល់គាត់ទទួលមរណភាពក្នុងពិធីបុណ្យសពក៏មិនឃើញវត្តមានតារាល្បីរបស់ហង្សមាសបង្ហាញមុខផងដែរ។ ចំណុចនេះធ្វើទឹកចិត្តមហាជនមិនសប្បាយចិត្ត រហូតមានការរិះគន់ជាច្រើនថា ពួកគេរើសអើងលោក រិន សាវេត ដែលជាតារាមិនសូវល្បី។
មួយម៉ោងមុននេះ សុគន្ធ និសា បានចេញសារឆ្លើយតប ដែលមានសេចក្ដីទាំងស្រុងដូចខាងក្រោមនេះ "ហ៊ឹមមមមម មុននឹងរិះគន់សូមមើលអោយច្បាស់សិនទៅ ពិធីការ ជប់លៀង គឺគេបានធ្វើការកំណត់ទុកមុនបាន ដូច្នេះម្នាក់ៗគេបានត្រៀមលក្ខណៈដើម្បីចូលរួម ប៉ុន្តែដោយឡែកការស្លាប់ គឺម្នាក់ៗមិនអាចកំណត់ទុកមុនបានទេដូច្នេះម្នាក់ៗគេក៏មិនបានត្រៀមចិត្តដែរ ភ្លាមៗចឹងគ្មានអ្នកណាគេដឹងមុនទេ ហើយណាមួយបើពេលរវល់ថតគឺទុកទូរស័ព្ទចោល ដោយមិនបានបើកមើលហ្វេសប៊ុក ហើយក៏មិនបានឃើញព័ត៌មានដែរ ខណៈពេលនោះម្នាក់គាត់រវល់ទៅសម្ដែងនៅឆ្ងាយ នៅក្រៅប្រទេស ហើយខ្លះទៀតក៏គេរវល់ដោយមិនអាចទុកការងារចោលបានទេ ព្រោះជាការទទួលខុសត្រូវលើកិច្ចការផ្ទាល់ខ្លួន ប៉ុន្តែពួកយើងក៏មិនបានទុកគាត់ចោលដែរ ម្នាក់ក៏បានផ្ញើលុយដើម្បីចូលបុណ្យសិន លុះដល់ប្រាំពីរថ្ងៃ រឺក៏ក្នុងចន្លោះថ្ងៃណាមួយនៃពិធីបុណ្យ ពួកយើងនឹងឆ្លៀតទៅចូលរួមអោយបាន"។
សារនេះបន្តទៀតថា "និយាយដោយត្រង់ចុះខ្ញុំក៏ធ្លាប់បានធ្វើការរៃអង្គាសពីសប្បុរសជននៅក្រៅប្រទេសខ្លះ ដើម្បីជួយដល់គាត់បានខ្លះដែរ ថ្វីដ្បិតតែមិនច្រើន តែក៏ជាទឹកចិត្តមួយកើតចេញពីការរាប់អានគ្នាកន្លងមក ប៉ុន្តែខ្ញុំយល់ថាការជួយនេះដោយទឹកចិត្តស្មោះ គឺមិនចង់អោយគាត់អរគុណដោយការបង្ហោះក្នុងហ្វសប៊ុក អីទេ សំខាន់អោយតែបានជួយអោយគាត់បានធូរស្រាលបន្តិចទៅគឺបានហើយ ហើយខ្ញុំជឿថាខាងតារាសិល្បៈប្រចាំផលិតកម្មក្រុមហ៊ុន នឹងខាងក្រុមហ៊ុនគេបានជួយគាត់ដូចគ្នាដែរ តែគេមិនបង្ហោះរូបភាពនោះទេ ព្រោះ គិតថាវាមិនសំខាន់រឿងបង្ហោះអោយឃើញនោះទេ រឺក៏ចាំតែបង្ហោះរូបទើបបងប្អូនដឹងមែនទេ? សូមកុំដាក់ទោសគេដោយការដែលយើងមិនបានដឹងពីគេច្បាស់អី សូមមើលអោយជាក់សឹមញាក់ចិញ្ចើម !!!
អញ្ចឹងសូមបងប្អូនមេត្តាកុំអាលថាអោយពួកយើងអី ទង្វើសប្បុរសធម៌ខ្លះពួកយើងខ្ញុំធ្វើដោយមិនបានបង្ហាញតាមហ្វេសប៊ុកអីទេ សូមអរគុណនឹងសូមជូនពរអោយបងប្អូនបានសុខសប្បាយទាំងគ្នា ហើយក៏សូមអភ័យទោសទុកជាមុនបើសិនជាអ្វីដែលខ្ញុំសរសេរនេះបងប្អូនមិនពេញចិត្តក៏ទាស់ខុសអី ៕
