ក្មេងស្រីដែលកើតមកមានជើង ៤ ដែលជើងពីរទៀតស្ថិតនៅលើខ្នង ត្រូវបានបញ្ជូនទៅកាន់ប្រទេស កូឌីវ័រ ជួបជុំជាមួយឪពុកម្ដាយ ក្នុងទីក្រុង អាប៊ីដ្យាន (Abidjan) ក្រោយពីធ្វើការវះកាត់ដោយជោគជ័យក្នុង សហរដ្ឋអាមេរិក ដើម្បីកាត់ផ្ដាច់ជើងពីចេញពីខ្នងរបស់នាង ។
ដំណើរការវះកាត់ត្រូវចំណាយពេល ៦ ម៉ោង ចូលរួមដោយគ្រូពេទ្យ ៥ នាក់ ក្នុងមន្ទីរពេទ្យកុមារ ផាករីច (Park Ridge) រដ្ឋ អ៊ីលីណយ (Illinois) ។ ម្ដាយរបស់ក្មេងស្រីនិយាយថា នាងមិនរំពឹងថាកូនស្រីរបស់នាងនឹងមានសភាពប្រក្រតីដូចក្មេងធម្មតាដូច្នេះឡើយ ប៉ុន្តែក្រោយការវះកាត់ ធ្វើឲ្យនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដូចជាជួបអព្ភូតហេតុអ្វីមួយ ។ អរគុណចំពោះគ្រូពេទ្យវះកាត់ទាំងអស់ដែលបានប្រឹងប្រែងជួយឲ្យកូនតូចនេះក្លាយជាមនុស្សធម្មតាដូចក្មេងដទៃទៀត ។ អរគុណចំពោះប្រជាជន អាមេរិក ដែលជួយដល់កុមារ ។
ក្មេងស្រីឈ្មោះ ដូមីនិច (Dominique) បានស្ថិតនៅ សហរដ្ឋអាមេរិក ២ ខែ មុនពេលធ្វើការវះកាត់ ដោយរស់នៅជាមួយគ្រួសារមួយក្នុងទីក្រុង ឈីហ្កាកូ ។ ពេលនេះ ដូមីនិច បានទៅដល់ផ្ទះវិញក្នុងប្រទេស កូឌីវ័រ ហើយឪពុកម្ដាយរបស់នាងកំពុងរៀបចំថ្ងៃខួបកំណើតនៅខែក្រោយ ។
ប្រភពៈ dailyherald
