Sponsor
Pisey

ប្រទេស ​ចិន​ បាន​សម្ពោធ​ទម្លាក់​នាវា​ផ្ទុក​យន្តហោះ​ថ្មី​មួយ​គ្រឿង​ដែល​គេ​មិនទាន់​ស្គាល់​ឈ្មោះ​ចូល​ទឹក​សមុទ្រ​ដែល​បាន​សាងសង់​រួច​រាល់​ដោយ​វិស្វករ​ ចិន​សម្រាប់​ការ​ប្រើប្រាស់​របស់​កងទ័ពជើងទឹក​ ធ្វើ​ឲ្យ​ប្រទេស​ ចិន​ មាន​នាវា​ផ្ទុក​យន្តហោះ​ពីរ​គ្រឿង​ ជា​មួយ​នឹង​នាវា​ផ្ទុក​យន្តហោះ​ ឡាវនីង ​ដែល​ទិញ​ពី​ប្រទេស ​អ៊ុយក្រែន​ ក្នុង​ឆ្នាំ​ ១៩៩៨ ។​ 

សារព័ត៌មាន​រដ្ឋ​ ចិន ​ផ្សាយ​ថា ​នាវា​ផ្ទុក​យន្តហោះ​ថ្មី​នេះ​ ឌីហ្សាញ​ឡើង​នៅ​ក្នុង​ប្រទេស​ ចិន ​និង​សាងសង់​នៅ​កំពង់ផែ​ ដាលៀន ​ភាគ​ឥសាន្ត​ប្រទេស​ ប៉ុន្តែ​នាវា​ផ្ទុក​យន្តហោះ​នេះ​ នឹង​មិន​ទាន់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឡើយ​ ដោយ​រង់ចាំ​រហូត​ដល់​ឆ្នាំ​ ២០២០ ។​ 

ការ​សម្ពោធ​នាវា​ផ្ទុក​យន្តហោះ​ថ្មី ​ធ្វើ​ឡើង​ចំ​ខួប​ទី ៦៨​ នៃ​ការ​បង្កើត​កងទ័ព​ជើង​ទឹក​ចិន ​និង​ជា​ពេល​ដែល​ឧបទ្វីប​កូរ៉េ​កំពុង​ជួប​នឹង​ភាព​តាន​តឹង​​ខ្លាំង​រវាង​ប្រទេស​ កូរ៉េខាងជើង ​និង​ សហរដ្ឋ​អាមេរិក​ ចំពោះ​បញ្ហា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ និង​មីស៊ីល​របស់​ទីក្រុង ​ព្យុងយ៉ាង ។​

រដ្ឋាភិបាល​ទីក្រុង ​ប៉េកាំង ​ឲ្យ​ដឹង​ថា​ ការ​រចនា​នាវា​ផ្ទុក​យន្តហោះ​នេះ​ ធ្វើ​ឡើង​តាម​គំរូ​នាវា​ផ្ទុក​យន្តហោះ​ ឡាវនីង​ ប៉ុន្តែ​នាវា​ថ្មី​អាច​ផ្ទុកទ​ម្ងន់​ ៥​ ម៉ឺន​តោន ​និង​មាន​សមត្ថភាព​ទទួល​ការ​ចុះចត​របស់​យន្តហោះ​ចម្បាំង​ Shenyang ​J-15 ​ជា​ច្រើន​គ្រឿង ។​ 

រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​ ប្រទេស​ ចិន​ ធ្វើ​ទំនើបកម្ម​កងទ័ពជើងទឹក​យ៉ាង​ឆាប់រហ័ស ​ដោយ​តែងតាំង​មេបញ្ជាការ​កងទ័ព​ជាច្រើន​រូប​ ព្រមទាំង​បង្ហាញ​សកម្មភាព​យោធា​សំខាន់ៗ​ ចូលរួម​ដោយ​នាវា​ផ្ទុក​យន្តហោះ ​និង​នាវា​ចម្បាំង​គ្រប់​ប្រភេទ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ​និង​សមុទ្រ​ចិន​ខាងកើត ។​

ប្រភពៈ​ reuters​

 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor