សិល្បៈ ៖ តារាចម្រៀងកញ្ញា ចំរើន សុភ័ក្រ្ក បានបញ្ជាក់ប្រាប់ថា ការប្រឡូកអាជីពសិល្បៈរបស់នាង គឺធ្លាប់បានធ្វើរឿងមួយហួសចិត្ត និងអាម៉ាស់ដោយមិនបានគិតទុក ដោយកាលពីប្រមាណជាមួយឆ្នាំមុននេះនាងបានទៅច្រៀងក្នុងកម្មវិធីមង្គលការមួយ ខណៈនោះពេលដែលច្រៀងចប់នាងក៏បានយកក្បាលមីក្រូហ្វូនគេដាក់ចូលក្នុងកាបូបយកមកដល់ផ្ទះ ដែលធ្វើឲ្យម្ចាស់គេភ័យព្រោះមីក្រូហ្វូននោះមានតម្លៃថ្លៃគួរសម។
តារាស្រីរូបនេះបន្តថា ពេលនោះពេលចប់កម្មវិធីនាងក៏បានធ្វើដំណើរមកផ្ទះវិញ បានប្រមាណជិតមួយម៉ោង ក៏ស្រាប់តែមានគេទូរស័ព្ទមក នឹងសួរថា មានច្រឡំយកមីក្រូហ្វូនមកជាមួយទេ ពេលនោះនាងចង់ខឹងគេទៅទៀត ព្រោះគិតថាគេសួរដូច្នេះជារឿងមិនល្អសម្រាប់នាង។ តែពេលដែលនាងបើកកាបូបមើលក៏ឃើញមីក្រូហ្វូននៅក្នុង ទើបហួសចិត្តខ្លួនឯង។
កញ្ញាបន្តថា ពេលនោះនាងក៏បានសុំទោសគេ នឹងបានយកមីក្រូហ្វូនទៅឲ្យគេវិញ ហើយពេលយកទៅដល់ម្ចាស់គេនិយាយថា គេភ័យសភ្នែកទៅហើយ ព្រោះមីក្រូហ្វូននោះមានតម្លៃថ្លៃដែលរកបួនប្រាំរោងទើបទិញវាបាន៕
