
សិល្បៈ ៖ កាលពីវេលាម៉ោងប្រមាណជា១០យប់មិញនេះ ខណៈដែលតារាចម្រៀង អ៊ាម វន្នី និង សុវត្ថឌី ធារិកា មកពីការចូលរួមកម្មវិធី "កតញ្ញូរាត្រី" នៅសណ្ឋាគារ សុខា ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តដឹកខ្សាច់ធុនធំរបស់ក្រុមហ៊ុន រិទ្ធមុនី បានបើកមកបុករថយន្ត Lexus RX 300 ដែលជិះស្របទិសគ្នា។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោងប្រមាណ ១០ យប់នៅខណ្ឌដូនពេញ សង្កាត់ផ្សារធំថ្មី។ តែសំណាងល្អមិនមាននរណាម្នាក់របួសក្នុងហេតុការណ៍នេះទេ គ្រាន់តែខូចខាតរថយន្តទ្វាខាងក្រោយ បែកស្តុប និងផ្នែកចំហៀង។
លោក អ៊ាម វន្នី បានប្រាប់ Kqube.net មុននេះបន្តិចថា ការពិតរថយន្ត Lexus RX 300 នេះមិនមែនជាកម្មសិទ្ធរបស់លោកទេ គឺជារបស់ប្អូនប្រុសលោក មាស មុន្នីរាជ ប៉ុន្តែលោកជាអ្នកបើក។ តារារូបនេះបន្តថា មកដល់ពេលនេះបញ្ហាគ្រោះថ្នាក់នេះបានដោះស្រាយចប់ហើយ គឺខាងក្រុមហ៊ុន រិទ្ធមុនី គេបានធ្វើលិខិតទទួលជួសជុលឲ្យដូចដើមឡើងវិញហើយ។
ជាមួយគ្នានេះដែរលោក អ៊ាម វន្នី ក៏បានប្រាប់ថា សម្រាប់ការចំណាយជួសជុលអស់ប៉ុន្មាននោះលោកមិនទាន់បានដឹងទេ ព្រោះខាងក្រុមហ៊ុន រិទ្ធមុនី គេមានការ៉ាស់ជួសជុលផ្ទាល់ខ្លួនគេ៕
