
កូរ៉េខាងត្បូង៖ ក្រោយបញ្ចប់កម្មវិធីសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបងបង្អូនខ្មែរបានប្រារព្ធឡើងនៅក្នុងទីក្រុងស៊ូវ៉ុន កាលពីថ្ងៃទី១៦ខែមេសា កន្លងទៅនោះ ត្រូវបានការសែតក្នុងស្រុករបស់កូរ៉េមួយឈ្មោះ Gyeong-giilbo (kyeonggi.com) បានចុះផ្សាយយ៉ាងចាស់ដៃរិះគន់ដល់ពលករខ្មែរដែលបានចូលរួម គ្មានសណ្ដាប់ធ្នាប់និងបំពុលបរិស្ថានក្នុងក្រុងរបស់គេក្នុងការចោលសំរាមឲ្យត្រឹមត្រូវនៅតាមទីសាធារណៈ។
ក្រោយពីការការសែតកូរ៉េមួយនេះបានចុះផ្សាយនៅម៉ោង២១និង១៥នាទី យប់ថ្ងៃទី១៩ ខែ មេសា ឆ្នាំ ២០១៧ នោះ ក៏មានយុវជនខ្មែរមួយរូបគណនីហ្វេសប៊ុកឈ្មោះ ហេង សីហា បានបញ្ចេញសំណេររិះគន់ភា្លមៗស្របនឹងការសែតខាងលើដែរ បន្ទាប់ពីបានអាននូវអត្ថបទនោះ។ ម្ចាស់គណនីហ្វេសប៊ុក ហេង សីហា រូបនេះបានសរសេរយ៉ាងដូច្នេះថា៖
"លទ្ធផលក្រោយថ្ងៃមហាសង្ក្រានចូលឆ្នាំខ្មែរនៅប្រទេសកូរ៉េ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុងស៊ូវ៉ុន ត្រូវកាសែតកូរ៉េហែកមុខមាត់ក្រវ៉ាត់ចោលគ្មានសល់ឆ្អឹងបន្តិចទេ ដោយសារសំរាម ការយកទីសាធារណៈផឹកស៊ី បំពុលបរិស្ថាន [... ] សំរាមមិនគួរជាអត្តសញ្ញាណដែលគេអាចចំណាំយើងឡើយ។ ជារឿងខ្មាសគេណាស់ដែល សិស្ស និស្សិតកូរ៉េ ជិះយន្តហោះទៅរើសសំរាមដល់ស្រុកខ្មែរ ហើយនេះមកនៅផ្ទះគេហើយ មិនហែកភ្នែក មើលការស្រលាញ់ និងថែទាំបរិស្ថានគេទេ ...។
មកដល់ប្រទេសគេហើយ ក៏នៅតែចោលសំរាមផ្ដេសផ្ដាសគ្មានសណ្ដាប់ធ្នាប់, ទន្លាប់មិនល្អនេះ ខ្ញុំមិនដឹងថា តើពេលណាអាចល្អនោះទេ? កុំថាឡើយ២០ ឬ៣០ឆ្នាំទៀតបើមិនកែចរឹកទេ កម្ពុជាគ្មានថ្ងៃទៅមុខរួចនោះទេ។
បងប្អូនដឹងថាហេតុអ្វីទេ ? ក៏ព្រោះតែមានបងប្អូនខ្មែរ ឲ្យតែមានកម្មវិធីអ្វីយកឥវ៉ាន់មកលក់យ៉ាងសែនអនាធិបតេយ្យ អាំងសាច់លក់ហ៊ុយផ្សែងឡើងដូចភ្នក់គោ លក់គ្រប់យ៉ាងតាំងពីស្រាម៉ែឳABC Anchor កម្ពុជាបៀរ សេវាដឹកមកដល់កន្លែង ...មោទនភាពផឹកស៊ីអាវ៉ាសែរ នៅទីសួនសាធារណៈ គេយ៉ាងហ៊ឹកហ៊ាក់ មិនទើសក្បាលអាណាខូចសណ្តាប់ធ្នាប់ប្រទេសគេអស់។
ថាអ្នកលក់គ្រឿងអស់នឹងគឺគេចង់បានលុយ តែបើគ្មានអ្នកទិញក៏មិនសូវបំពុលបរិស្ថានគេដល់ថ្នាក់នឹងដែរ។ និយាយទៅទាំងអ្នកលក់ ទាំងអ្នកទិញផឹកស៊ី ទៅទាំងចាប៉ីទៅទាំងទ្រ [….]ម្នាក់ៗតែងខ្លួនលើសតារា K-popទៀត តែកុំមើលមារយាទ សំរាមស៊ីហើយពួកវាបោះចោលឲ្យតែពាស [….] បើពាក្យពេចន៍មិនសមរម្យត្រង់កន្លែងណាសូមអធ្យាស្រ័យ..."។
យ៉ាងមិញ បញ្ហានេះមិនមែនបងប្អូនពលករខ្មែរទាំងអស់នោះទេ ដែលបានប្រព្រឹត្ត ឬចោលសំរាមក្នុងកម្មវិធីមហាសង្រ្កាន្តឆ្នាំនៅក្រុងស៊ូវ៉ុននោះ មានតែមួយចំនួនប៉ុណ្ណោះ ដូច្នេះដើម្បីលើកស្ទួយកិត្តិយសខ្លួនឯងនិងជាតិយើង សូមចូលរួមបងប្អូនទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទោះបីនៅទីណាកន្លែងណាក៏ដោយ៕