
វិទ្យាស្ថានស្រាវជ្រាវកាត់បន្ថយសព្វាវុធរបស់អង្គការសហប្រជាជាតិ (UNDR) បានព្រមានថា បញ្ហាផលិតអាវុធនុយក្លេអ៊ែរសេរីទំនើបៗសម្រាប់ធ្វើសង្គ្រាមនៅលើសមរភូមិ បណ្ដាឲ្យមានគ្រោះថ្នាក់ដល់មនុស្សជុំវិញពិភពលោកនៅពេលអនាគតយ៉ាងខ្លាំង។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនាព្រឹកថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧។
UNDR បានលើកឡើងថា ការពឹងផ្អែកលើប្រព័ន្ធស្វ័យប្រវត្តិអាចនាំឲ្យងាយរងគ្រោះថ្នាក់ខ្លាំងបំផុតទៅលើឧបករណ៍ស្វ័យប្រវត្តិដូចជា យន្តហោះគ្មានមនុស្សបើក បណ្ដាញផ្កាយរណប និងឧបករណ៍ចាប់សញ្ញាជាដើម ម្យ៉ាងទៀតឥឡូវនេះមានការកើនឡើងក្នុងផ្នែកយោធារវាងប្រទេសមហាអំណាចទាំងពីរ ដែលកំពុងប្រឈមមុខនឹងមហន្តរាយយ៉ាងធ្ងន់ធ្ងរ។
ទន្ទឹមគ្នានឹងបញ្ហាខាងលើ លោក Pavel Podvig អ្នកស្រាវជ្រាវកម្មវិធីនុយក្លេអ៊ែររុស្ស៊ីបានសង្កត់ធ្ងន់ថា បច្ចុប្បន្នសហរដ្ឋអាមេរិក និងរុស្ស៊ី កំពុងស្ថិតនៅក្នុងសង្គ្រាមត្រជាក់ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា ខ្លួនមិនស្វាគមន៍រុស្ស៊ីទៀតឡើយ ហើយទាំងនោះវាអាចនឹងបង្កឲ្យអាវុធដ៏មានគ្រោះថ្នាក់ជាច្រើនផ្ទុះឡើង៕
