ខេត្តកំពង់ស្ពឺ ៖ បុរសជាអាណិកជនខ្មែរម្នាក់ បានរងរបួសបែកក្បាលពីក្រោយ ដេរ១០ថ្នេរ ត្រូវបានសាច់ញាតិ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ខណៈដែលទៅចូលរួមក្នុងពីធីមង្គលការប្អូន ហើយត្រូវបានលោកផ្កាយ២ម្នាក់ ស្រវឹងយកកែវស្រាវាយពីក្រោយ រួចអោយអង្គរក្សបើករថយន្តគេចបាត់។ ហេតុការណ៍លោកផ្កាយ២កូនលោក ហាក់ ម៉ៅ វាយអាណិកជនខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣៥នាទីយប់ ថ្ងៃទី២៣ខែមេសាឆ្នាំ២០១៧ នៅក្នុងកម្មវិធីមង្គលការ ស្ថិតក្នុងភូមិស្រែខ្ញែ ឃុំពោធិរុនខាងជើង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
តាមប្រភពបានបង្ហើបអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ឃុន សារ៉ាត់ អាយុ៣៧ឆ្នាំ ជាអាណិកជនខ្មែរអាមេរិក ស្នាក់នៅរដ្ឋតិចសាស្ត្រ មកចូលរួមការបងប្អូន។ចំណែកជនដៃដល់មានឈ្មោះ ផាន់ វណ្ណារ៉េត ហៅតយ ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខងារថ្នាក់ឧត្តមសេនីយ៍ទោ ផ្កាយ២តួនាទី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រស់នៅក្នុងភូមបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខដែលគេស្គាល់ច្បាស់ថាជាកូនប្រុសលោកហាក់ម៉ៅ។
ប្រភពបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះនិងជនដៃដល់អង្គុយតុជាមួយគ្នាហើយជនរងគ្រោះបានគាស់ស្រាបៀរផ្ទុះសាចលើជនដៃដល់ពេលនោះជនដៃដល់បានយកស្រាបៀរពេញកែវជះដាក់មុខជនរងគ្រោះវិញទទឹកជោគ ភ្លាមៗនោះជនរងគ្រោះដោយមិនចង់មានរឿងទៀតក៏ដើរទៅរកតុផ្សេងដើម្បីអង្គុយក៏ស្រាប់តែជនដៃដល់បានយកកែវស្រាវាយចំក្បាលពីក្រោយបណ្តាលអោយបែកខ្ទេចដេរ១០ថ្នេរ។
ក្រោយកើតហេតុជនដៃដល់បានឡើងរថយន្តដែលបញ្ឆេះចាំស្រាប់រត់គេចបាត់ស្រមោល។ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញដើម្បីសងគ្រោះ៕ ដោយ សុវណ្ណ វឌ្ឍនៈ

