
នាវាចម្បាំងខ្នាតធំបំពាក់ដោយអាវុធគ្រប់ប្រភេទមួយគ្រឿងរបស់រុស្ស៊ី ដែលបានធ្វើដំណើរទៅកាន់ដែនទឹកប្រទេស ហ្វីលីពីន អស់រយៈពេលបីថ្ងៃកន្លងមក ពេលនេះបានចូលដល់ទីតាំងសមយុទ្ធយោធាជើងទឹក ជាមួយយោធាហ្វីលីពីនហើយ ដោយសមយុទ្ធរួមគ្នានេះ គឺជាការស្នើសុំរបស់ លោក ប្រធានាធិបតី ឌូទើតេ។ នេះបើតាម Channel News Asia បានចេញផ្សាយកាលពីយប់ថ្ងៃ២០ ខែមេសា។
លោក Lued Lincuna កាប់ពីទែន និងជានាយកយោធាជើងទឹកហ្វីលីពីន ដែលទទួលបន្ទុកលើកិច្ចការនេះបានបញ្ជាក់ថា ហ្វីលីពីន សង្ឃឹមថា ខ្លួននឹងបានរៀនសូត្រ ពីរុស្ស៊ី នៅក្នុងអំឡុងពេល ហ្វឹកហ្វឺនទាហានគ្រប់សកម្មភាព ជាពិសេសគឺការបញ្ជាអាវុធទំនើបៗ និងយុទ្ធសាស្ត្រជាលក្ខណៈប្រព័ន្ធផ្សេងៗទៀត ដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីរយៈពេល៤ថ្ងៃខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា សមយុទ្ធខាងលើនេះក៏មានវត្តមានអាមេរិក និងចិនផងដែរ ប៉ុន្តែលោកប្រធានាធិបតី ហ្វីលីពីន ឌូទើតេ បានអះអាងថា រូបលោកនឹងកំណត់យក "គោលការណ៍បរទេសឯករាជ្យ" ដោយធ្វើយ៉ាងណាគឺមិនឲ្យប៉ះទង្គិចគ្នារវាង អាមេរិក ចិន និងរុស្ស៊ីឡើយទោះបីជាបច្ចុប្បន្នប្រទេសមហាអំណាចទាំងពីរកំពុងគគ្រឺតជើងធ្មេញដាក់គ្នាប្រុងប្រកាសសង្គ្រាមក៏ដោយ៕
