យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នាពេលថ្មីៗនេះបានឲ្យដឹងថា កូរ៉េខាងជើងបានឃាត់ខ្លួនពលរដ្ឋអាមេរិកម្នាក់ទៀតហើយ សរុបទាំងអស់គឺមានចំនួន ៤នាក់ ដោយចោទប្រកាន់ពីបទធ្វើសកម្មភាពបង្ករឿង ដែលចាត់ទុកថាជាការប្រឆាំងរដ្ឋអំណាចនៅទីក្រុងព្យុងយ៉ាង។
តាមរយៈសេចក្ដីរាយការណ៍មួយពី KCNA បានឲ្យដឹងថា លោក Kim Hak-Song ដែលធ្វើការនៅសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ទីក្រុងព្យុងយ៉ាង ត្រូវបានអាជ្ញាធរកូរ៉េខាងជើង ឃាត់ខ្លួនកាលថ្ងៃអាទិត្យម្សិលមិញ ចំពេលដែលធ្វើការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋរបស់លោកពាក់ព័ន្ធទៅនឹងការប្រព្រឹត្តសកម្មភាពប្រឆាំងរដ្ឋអំណាច។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះកូរ៉េខាងជើង បានឃុំខ្លួនពលរដ្ឋអាមេរិករហូតដល់ ៤នាក់ ខណៈដែលរដ្ឋាភិបាលអាមេរិកមានបំណងចង់រារាំងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ជុំវិញការឃាត់ខ្លួនខាងលើរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះជោគវាសនារបស់បុរសទាំងបួននាក់នោះ យ៉ាងណាមិញភាគីអាមេរិកពុំទាន់ធ្វើការឆ្លើយតបវិញនៅឡើយទេ៕

