កងទ័ព សហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក U.S. B-1B និង B-52 ទៅដល់ប្រទេស កូរ៉េខាងត្បូង បន្ថែមទៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson ដែលមានយន្តហោះចម្បាំងជាច្រើនគ្រឿង នាវាមុជទឹក នាវាពិឃាដ CG-57 និងនាវាពិឃាត Arleigh Burke ដែលរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានបញ្ជូនដល់ដល់ប្រទេស ជប៉ុន និង កូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងសមយុទ្ធយោធារវាងកងទ័ព បារាំង ចក្រភពអង់គ្លេស ជប៉ុន និង កូរ៉េខាងត្បូង ។
នាវាផ្ទុកយន្តហោះ Mistral របស់ បារាំង បានទៅដល់កំពង់ផែកោះ សាសេបូ របស់ប្រទេស ជប៉ុន ផងដែរ កាលពីសប្ដាហ៍មុន ។ ចំណែកយន្តហោះចម្បាំងដែកថែប F-35B ត្រូវបានបញ្ជូនទៅកាន់ឧបទ្វីបកូរ៉េជាលើកដំបូង ជាយន្តហោះមានសមត្ថភាពអាចគេចផុតពីរ៉ាដា និងអាចវាយប្រហារបានមុនសត្រូវធ្វើសកម្មភាព ។
មេបញ្ជាការកងទ័ព អាមេរិក ជាអ្នករៀបចំការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក U.S. B-1B និង B-52 ដែលផលិតឡើងដើម្បីនាំយកគ្រាប់បែកនុយក្លេអ៊ែរ ។ អ្នកនាំពាក្យក្រសួងការពារជាតិ កូរ៉េខាងត្បូង និយាយថា វត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែក អាមេរិក ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងទប់ទល់នឹងការបង្កហេតុរបស់ កូរ៉េខាងជើង និងជាការឆ្លើយតបទៅនឹងការគំរាមដោយអាវុធនុយក្លេអ៊ែរ និងមីស៊ីលកូរ៉េខាងជើង ។
ឆ្នាំ ២០១៧ គឺជាពេលដែល អាមេរិក និង កូរ៉េខាងត្បូង ធ្វើសមយុទ្ធប្រចាំឆ្នាំទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ក្នុងពេលដែលឧបទ្វីបកូរ៉េជួបនឹងភាពតានតឹងខ្លាំង ជាសមយុទ្ធយោធាដែលមានទាហាន កូរ៉េខាងត្បូង ៣០ ម៉ឺននាក់ និងទាហាន អាមេរិក ១៥០០០ នាក់ ញ៉ាំងឲ្យ កូរ៉េខាងជើង ថ្កោលទោសដោយអះអាងថា ជាសកម្មភាពដូចទៅនឹងការលុកលុយប្រទេសមួយ ហើយជាទង្វើសំដៅទៅរកប្រទេស កូរ៉េខាងជើង ។

