រាជធានីភ្នំពេញ៖ ពលរដ្ឋសហគមន៍ប៊ូឌីញ "ស" បានយល់ព្រម ឯកភាព លក់បន្ទប់ស្នាក់នៅរបស់ខ្លួនឲ្យទៅរដ្ឋាភិបាលក្នុងតម្លៃ ១,៤០០ ដុល្លារអាម៉េរិក ក្នុងមួយម៉ែត្រការ៉េ។ ការព្រមព្រៀងគ្នានេះគឺនៅក្នុងកិច្ចប្រជុំពិភាក្សារវាងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី ឯកឧត្តម ជា សុផារ៉ា ជាមួយប្រជាពលរដ្ឋសហគមន៍ប៊ូឌីញស ស្ដីពីការអភិវឌ្ឍអគារប៊ូឌីញស កាលពីព្រឹកថ្ងៃទី១២ ខែឧសភានេះ។
ក្នុងកិច្ចពិភាក្សានេះរដ្ឋាភិបាលនិងតំណាងពលរដ្ឋប្រមាណ៥០០គ្រួសារ ភាគច្រើនបានទទួលយកដូចខាងក្រោម៖
១. ប្រជាពលរដ្ឋបានឯកភាពលក់លើតម្លៃ ១៤០០ដុល្លារ/ម៉ែត្រការ៉េ
២. ពេលវេលាកំណត់សម្រាប់ការចាកចេញចាប់ពីថ្ងៃទី០៦ ខែមិថុនា ដល់ថ្ងៃទី០៦ ខែកក្កដា គ.ស. ២០១៧
៣. ឧបត្ថម្ភសម្រាប់ការរើឥវ៉ាន់ចាកចេញ ១០០ដុល្លារ ក្នុងមួយចំណែកឯកជនសហកម្មសិទ្ធិ
៤. អំឡុងពេលនេះ បងប្អូនប្រជាពលរដ្ឋកំពុងបំពេញបែបបទចុះកិច្ចសន្យាលក់-ទិញ ចំណែកឯកជននៅអគារសហកម្មសិទ្ធិ ជាបន្តបន្ទាប់។ ចំណែកឯកអ្នកដែលមិនទាន់ទទួលយកនូវលទ្ធផលនៃកិច្ចពិភាក្សានេះ ឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាក់ថា នឹងធ្វើការដោះស្រាយនៅក្រោយទៀត។

