រាជធានីភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ដល់ក្រុមគ្រួសារវីរយុទ្ធជនទ័ពមួកខៀវកម្ពុជាទាំង៤រូប ដែលបានពលីជីវិត ក្នុងរក្សាសន្តិភាពជូនជាតិនិងពលរដ្ឋរាប់លាននាក់នៅអាហ្វ្រិកកណ្តាលនោះ ក្នុងម្នាក់ៗ ទទួល ២០លានរៀល រួមមានជាមួយនឹង គ្រឿងបរិភោគនិងឧបភោគជាច្រើនទៀត នៅកាលពីថ្ងៃទី ១១ ខែឧសភា ម្សិលមិញ។
ក្នុងការនាំយកថវិកា និងគ្រឿងបរិភោគនិងឧបភោគ ដូចជា អង្ករ ២០០គ.ក្រ, ត្រីខ ៥០កំប៉ុង, មី ៥កេស, អូវ៉ាន់ទីន ១កេស, ស្ករស ៥គីឡូ, ទឹកក្រូច ១០កេស, ទឹកដោះគោឆៅ ១កេស និងគូលេនកំប៉ុងចំនួន ១កេស នោះ គឺលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ នៃកាកបាទក្រហមកម្ពុជា បាននាំយកទៅជូនគ្រួសារសពលោកព្រិន្ទបាលទោ ស៊ាង នរិន្ទទា និងលោកព្រិន្ទបាលទោ មុំ តុលា។
ចំណែកឯកបុណ្យសព លោកអនុសេនីយ៍ទោ អ៊ឹម សំ ត្រូវបាននាំយកថវិកា និងគ្រឿងបរិភោគនិងឧបភោគ ដូចខាងលើដែរ ដោយឯកឧត្តម សម កុសល នាយកនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា។ ហើយបុណ្យ សពលោកអនុសេនីយ៍ឯក ម៉ៅ អេង គឺត្រូវបានចូលរួមនិងនាំយកទៅជូនក្រុមគ្រួសារសព ដោយឯកឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃកាកបាទក្រហមកម្ពុជា ។ នេះបើយោងតាមក្រុមការងារបានប្រាប់ ខេឃ្យូបនៅព្រឹកថ្ងៃទី១២ ឧសភានេះ។
គួររម្លឹកផងដែរ វីរយុទ្ធទ័ពមួកខៀវកម្ពុជាទាំងបួនរូប ត្រូវបានស្លាប់ដោយសារឆ្មក់វាយប្រហារមួយរបស់ក្រុមពួកឧទ្ទាមកាលពីម៉ោងប្រមាណ៨យប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ បណ្តាលឲ្យ លោកអនុសេនីយ៍ទោ អ៊ឹម សំ ស្លាប់នៅកន្លែង និងបីនាក់ទៀតស្លាប់នៅចម្ងាយប្រមាណ ២ គ.មពីទីតាំងត្រូវវាយប្រហារ។
បើតាម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិកងកម្លាំងរក្សាសន្តិភាព និងបោសសំអាតកាកសំណល់សង្គ្រាម បានប្រាប់វិទ្យុបារាំង (RFI)ថា សពវីរយុទ្ធទ័ពមួកខៀវខាងលើ នឹងដឹកមកដល់កម្ពុជាក្នុងពេល២សប្ដាហ៍ខាងមុខនេះយ៉ាងលឿន។ ហើយជាធម្មតាការពលីរបស់ទ័ពរក្សាសន្តិភាពរបស់កម្ពុជានេះ អង្គការសហប្រជាជាតិនឹងផ្តល់ប្រាក់៧ម៉ឺនដុល្លារសម្រាប់ម្នាក់ៗ ព្រមជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជាក៏បើកប្រាក់បំណាច់បន្ថែមតាមគោលរបបនៃឋានន្តរសក្ដិជូនក្រុមគ្រួសារសពផងដែរ។

