កងកម្លាំងស្វ័យការពារ ជប៉ុន បង្កើតឡើងក្នុងឆ្នាំ ១៩៥៤ បច្ចុប្បន្ននាយករដ្ឋមន្ត្រី ហ្ស៊ីនសូ អាបេ ជាអគ្គមេបញ្ជាការកំពូល នៃកងកម្លាំងស្វ័យការពារជើងគោក កងម៉ារីនស្វ័យការពារ និងកងកម្លាំងស្វ័យការពារជើងអាកាស ។ កងទ័ពស្វ័យការពារ ជប៉ុន ចាប់ផ្ដើមសមយុទ្ធឡើងគោកនៅលើកោះ Guam ដាច់ដោយឡែកពីសមយុទ្ធយោធារួមគ្នាជាមួយទាហាន អាមេរិក អង់គ្លេស និង បារាំង ។
កាលពីដើមខែ ឧសភា នាវាផ្ទុកយន្តហោះ បារាំង មួយគ្រឿង ឈ្មោះ Mistral បានទៅដល់កំពង់ផែកោះ សាសេបូ របស់ប្រទេស ជប៉ុន ដឹកនាំសមយុទ្ធយោធាដែលមានកងទ័ព បារាំង អង់គ្លេស អាមេរិក និង ជប៉ុន ។ នាវាផ្ទុកយន្តហោះ Mistral មានសមត្ថភាពអាចផ្ទុកឧទ្ធម្ភាគចក្រ ៣៥ គ្រឿង មាននាវាសណ្ដោង ៤ គ្រឿង ព្រមទាំងទាហានរាប់រយនាក់ ហើយអាចវាយប្រហារគោលដៅទាំងក្នុងទឹក និងលើគោក ។
សមយុទ្ធយោធារបស់កងទ័ពនៃប្រទេសទាំង ៤ ធ្វើឡើងស្របពេលដែលភាពតានតឹងនៅលើឧបទ្វីបកូរ៉េស្ថិតក្នុងដំណាក់កាលមួយអាក្រក់បំផុតមិនធ្លាប់មានតាំងពីការបញ្ចប់ទៅនៃសង្គ្រាមកូរ៉េឆ្នាំ ១៩៥៣ ដោយសារការសាកល្បងគ្រាប់បែកនុយក្លេអ៊ែររហូតដល់ ៥ លើក របស់ កូរ៉េខាងជើង និងការសាកល្បងមីស៊ីលទំនើបជាច្រើនលើកទៀត ។
ក្រៅពីបញ្ហាឧបទ្វីបកូរ៉េ មហាអំណាចបស្ចិមប្រទេសក៏មានបំណងពង្រឹងអំណាចយោធារបស់ខ្លួនផងដែរក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយពីប្រទេស ចិន បង្កើនអំណាចយោធាយ៉ាងខ្លាំងក្នុងតំបន់សមុទ្រចិនខាងត្បូង តាមរយៈការសាងសង់កោះសិប្បនិម្មិត និងបង្កើតប៉មត្រួតពិនិត្យនៅលើប្រជុំកោះដែលមានទំនាស់ ។
