(វ៉ាស៊ីនតោន)៖ មន្ត្រីការពារជាតិអាមេរិក បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះចម្បាំងម៉ាក USS Ronald Reagan កំពុងធ្វើដំណើរទៅតំបន់ប៉ាស៊ីហ្វិកខាងលិច (ក្បែរឧបទ្វីបកូរ៉េ) ដោយសារកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលលើកទី០៦ ទទួលបានជោគជ័យ។ នេះបើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។
យោងតាមមន្ត្រីការពារជាតិអាមេរិក បានអះអាងថា នាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan កំពុងដឹកនាំប្រតិបត្តិការល្បាត នៅតំបន់ប៉ាស៊ីហ្វិកខាងលិច ជំនួសនាវាផ្ទុកយន្តហោះចម្បាំង USS Carl Vinson ដែលធ្វើសកម្មភាព ចាប់តាំងពីខែឧសភាមកម្លិះ។
មន្ត្រីការពារជាតិអាមេរិក បានឲ្យដឹងថែមទៀតថា នាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan អាចនឹងចូលរួមធ្វើសមយុទ្ធយោធារួមគ្នា ជាមួយកងទ័ពជើងទឹកកូរ៉េខាងត្បូង នៅឯតំបន់សមុទ្រជប៉ុន ឬសមុទ្រខាងកើតនៅដើមខែមិថុនានេះ។
