Sponsor
Pisey

សិល្បៈ ៖ ចំណង​ដៃ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ តារា​ចម្រៀង​ ខេម ​និង​អ្នក​និពន្ធ​លោក ​ងួន សុបិន​ ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​សរសើរ​មិន​បាន​ឡើយ ​ខណៈ​ដែល​ពួកគេ​បាន​រួម​ដៃ​គ្នា​និពន្ធ​ និង​ច្រៀង​បទ​ចម្រៀង​មួយ​បទ​ "ឈាម​លោក​ឪពុក​" ដែល​ជា​បទ​ចម្រៀង​មួយ​រៀបរាប់​ពី​ក្ដី​ស្រឡាញ់​របស់​ពុក​ម្នាក់​មាន​កូន​ស្រី​កើត​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ ដោយ​លោក​បាន​បរិច្ចាគ​ឈាម​មក​កូន​ស្រី​រហូត​អស់​លទ្ធភាព​តែ​នៅ​មិន​គ្រប់គ្រាន់​ ដែល​តម្រូវ​ឲ្យ​បង​ប្អូន​ជួយ​ពួក​គាត់​បន្ត​។

​លោក ​ខេម ​បាន​ប្រាប់​លោក​ តាន់ ចន្ថា ​អ្នក​ផលិត​ព័ត៌មាន​វេបសាយ​ Kqube.net​ នៅ​មុន​នេះ​បន្តិច​ថា​ បទ​ចម្រៀង​ថ្មី​មួយ​នេះ​និពន្ធ​ដោយ​លោក ​ងួន សុបិន ​ច្រៀង​ដោយ​រូប​លោក​  និង​ធ្វើ​បទ​ភ្លេង​ដោយ​លោក​ ដាភ្លេង​។ បទ​ចម្រៀង​ Original​ មួយ​បទ​នេះ​មិនទាន់​បាន​ចេញ​ជា​ Audio ​នៅ ​ថោន​ នៅ​ឡើយ​ គឺ​គ្រោង​ចេញ​នៅ​ក្នុង​សប្ដាហ៍​នេះ​ តែ​លោក​មិនទាន់​បាន​ដឹង​ថ្ងៃ​ច្បាស់​ទេ។​

ខេម ​បន្ត​ថា​ បទ​ចម្រៀង​ថ្មី​មួយ​បទ​នេះ​ការ​ដែល​លោក​រួម​គំនិត​គ្នា​ជា​មួយ​អ្នក​និពន្ធ​ធ្វើ​ឡើង​ គឺ​មាន​គោលបំណង​ចង់​ឲ្យ​បងប្អូន​ខ្មែរ​យើង​ចូល​រួម​បរិច្ចាគ​ឈាម​ឲ្យ​បាន​កាន់​តែ​ច្រើន​ ព្រោះ​នៅ​តាម​មន្ទីរពេទ្យ​កំពុង​ខ្វះឈាម​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​បងប្អូន​រួម​ជាតិ​យើង​ជា​រៀងរាល់ថ្ងៃ​ ដូច្នេះ​ហើយ​តាម​រយៈ​បទ​ចម្រៀង​មួយ​បទ​នេះ​សង្ឃឹម​ថា​ទស្សនិកជន​សម្រេចចិត្ត​ជា​ថ្មី​ចូល​រួម​ផ្ដល់​ឈាម​ ព្រោះ​ការ​ផ្ដល់​ឈាម​មិន​មាន​គ្រោះ​ថ្នាក់​ ឬ​ឈឺ​ខ្លាំង​ពេល​ចាក់​ម្ជុល​ទេ​ ព្រោះ​តាម​ការ​ពន្យល់​ពី​គ្រូពេទ្យ​បើ​យើង​ផ្ដល់​ឈាម​ហើយ​ គឺ​ឈាម​ថ្មី​នឹង​កកើត​ឡើង​វិញ​ តែ​ចំណុច​សំខាន់​គឺ​យើង​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់​ ដែល​ជា​មហា​កុសល​ផលបុណ្យ​។

លោក ​ងួន សុបិន​ បាន​ប្រាប់​ថា​ ការ​ដែល​លោក​និពន្ធ​បទ​ចម្រៀង​មួយ​បទ​នេះ​ឡើង​ គឺ​ដោយ​សារ​លោក​មើល​ឃើញ​រឿង​ពិត​របស់​ពូ​ម្នាក់​ គាត់​មាន​កូន​ស្រី​កើត​ជំងឺ​ឈាម​ស​ស៊ី​ឈាម​ក្រហម​ ដែល​ត្រូវ​ការ​ប្ដូរ​ឈាម​ញឹកញាប់ ​ដូច្នេះ​ហើយ​ខ្លួន​គាត់​ម្នាក់​ឯង​បាន​បូម​ឈាម​ជួយ​កូន​ស្រី​រហូត​អស់​លទ្ធភាព​ ដែល​គ្រូពេទ្យ​មិន​អាច​បូម​បន្ត​ទៀត​បាន តែ​កូន​ស្រី​គាត់​នៅ​តែ​ត្រូវ​ការ​ឈាម​ ។ 

លោក​បន្ត​ថា​ ភាព​ជាក់ស្ដែង​នេះ​ហើយ ទើប​លោក​មាន​គំនិត​និពន្ធ​បទ​ចម្រៀង​មួយ​បទ​នេះ​ទម្លាក់​ឲ្យ​លោក​ ខេម ​ច្រៀង ​ព្រោះ​លោក​គិត​ថា​ ពេល​បទ​ចម្រៀង​នេះ​បាន​ផ្សព្វផ្សាយ​ដល់​ជន​រួម​ជាតិ​ នឹង​មាន​ការ​ចូល​រួម​ផ្ដល់​ឈាម​កាន់តែ​​ច្រើន​ យើង​រួម​គ្នា​ជួយ​ខ្មែរ​ ដើម្បី​ជាតិ​ខ្មែរ​ ៕ 

ខេម​ និង​ ងួន សុបិន
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor