យោងតាមការចុះផ្សាយដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចថា ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃើដ (PKK) ចំនួន ២៩នាក់ ត្រូវបានកងកម្លាំងសន្តិសុខរបស់តួកគី បាញ់សម្លាប់ ចំពេលដែលធ្វើប្រតិបត្តិការមួយ នៅក្នុងតំបន់ភ្នំភាគខាងកើតនៃខេត្ត Agri និងខេត្ត Van ទីក្រុងអង់ការ៉ា។
ប្រភពមកពីកងទ័ពតួកគីបានរាយការណ៍ថា ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធ បក្សឃើដ ចំនួន ២៩នាក់ ខណៈដែលកងកម្លាំង ០៣នាក់ និងឆ្មាំការពារម្នាក់ត្រូវបានស្លាប់ ក្នុងអំឡុងពេលចុះធ្វើប្រតិបត្តិការវាយលុកនៅលើតំបន់ភ្នំ Tendurek តាមណ្ដាយព្រំដែនប្រទេសអ៊ីរ៉ង់ ដែលជាកន្លែង សម្បូរទៅដោយជនអម្បូរឃើដ។
គួររម្លឹកផងដែរថា ក្រុមសកម្មប្រយុទ្ធ ដែលទទួលរងការវាយប្រហារខាងលើនេះ គឺជាសមាជិកមកពីគណបក្សពលករ ដែលធ្លាប់បានធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលតួកគី ក្នុងឆ្នាំ១៩៨៤ ហើយរហូតមកដល់បច្ចុប្បន្ន មានមនុស្សប្រមាណជា ៤ម៉ឺននាក់បានស្លាប់ ភាគច្រើនជាជនជាតិឃើដដោយសារតែជម្លោះខ្ពស់ទម្រង់នេះ៕
ប្រភព៖ Sputnik


