រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានព្រមានថានឹងចាប់វិធានការផ្លូវច្បាប់ចំពោះអ្នកគាំទ្របក្សនយោបាយណាដែលនៅតែបន្តធ្វើការស្ទង់មតិគាំទ្រ គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតរកកៅអីឃុំសង្កាត់អាណត្តិទី៤នេះ នៅតាមបណ្តាញ Facebook។
ការព្រមាននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ កន្លងទៅ បន្ទាប់ពី គ.ជ.ប បានសង្កេតឃើញថា នៅប៉ុន្មានថ្ងៃមកនេះមានអ្នកគាំបក្សនយោបាយមួយចំនួន បានធ្វើការស្ទង់មតិគាំទ្របក្សនយោបាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក ដោយអ្នកខ្លះទៀតបានយករូបថតប្រមុខបក្សនីមួយៗមកធ្វើការស្ទង់មតិគាំទ្រផងដែរ។
ការស្ទង់មតិនេះ គ.ជ.ប បានចាត់ថា ជាធ្វើផ្ទុយពីច្បាប់ និងគ្មានវិជ្ជាជីវៈត្រឹមត្រូវ ហើយបានស្នើឲ្យបុគ្គលគាំទ្រទាំងនោះត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីកុំឲ្យសាធារណជនមានការភ័ន្តច្រឡំពីលទ្ធផលនៃការស្ទង់មតិ ហើយប្រសិនជាអ្នកគាំទ្របក្សនយោបាយទាំងនោះមិនព្រមឈប់ទេនោះ គ.ជ.ប នឹង ចាប់វិធានការតាមផ្លូវច្បាប់។
