វត្តមានខ្លាញ់នៅក្នុងថ្លើម គឺជារឿងធម្មតាមួយ ប៉ុន្តែវានឹងក្លាយទៅជារឿងគួរអោយបារម្ភទៅវិញ ប្រសិនបើបរិមាណខ្លាញ់នេះមានច្រើនខុសពីប្រក្រតី។ គ្រូពេទ្យនឹងកំណត់ថា អ្នកមានជំងឺខ្លាញ់រុំថ្លើម ប្រសិនបើ កម្រិតខ្លាញ់មានចាប់ពី ៥%ទៅ១០%នៃទម្ងន់ថ្លើមរបស់អ្នក។ ជាធម្មតាជំងឺនេះអាចកើតមានចំពោះអ្នក ប្រសិនបើអ្នក ជាមនុស្សដែលចូលចិត្តផឹកគ្រឿងស្រវឹងច្រើន ឬពេលខ្លះទៀតវាអាចកើតឡើងដោយឯកឯង។
ជំងឺរុំថ្លើមនេះត្រូវបានចែកចេញជាពីរប្រភេទ គឺជំងឺរុំថ្លើមដែលបង្កដោយការផឹកគ្រឿងស្រវឹង និង ប្រភេទទីពីរ គឺអាចមកពីកត្តាហ្សែន។ ពយើងមិនទាន់មានការព្យាបាលច្បាស់លាស់ណាមួយ សម្រាប់ជំងឺនេះនៅឡើយទេ តែគេជឿថាទម្លាប់នៃការបរិភោគអាហារ អោយបានត្រឹមត្រូវនឹងអាចជួយសម្រាលស្ថានភាពជំងឺ និងបង្ការមនុស្សមួយចំនួនអោយចាកឆ្ងាយពីវាបាន។
វិធីមួយផ្សេងទៀត ដែលអ្នកអាចបង្ការជំងឺនេះបានក្រៅពី យកចិត្តទុកដាក់ចំពោះរបបអាហារប្រចាំថ្ងៃ អ្នកក៏គួរតែព្យាយាម រក្សាទម្ងន់ក្នុងកម្រិតសមស្រប, គ្រប់គ្រងកម្រិតជាតិស្ករ និងខ្លាញ់ក្នុងឈាម និងកម្រិតឬព្យាយាមកាត់ផ្ដាច់ពីការទទួលទានគ្រឿងស្រវឹង ហើយពង្រឹងសុខភាពអោយកាន់តែរឹងមាំដោយការហាត់ប្រាណជាប្រចាំ ៕

