Sponsor
Pisey

​រាជធានី​ភ្នំពេញ​៖ ​​​​នាយ​ឧត្ដមសេនីយ៍​ផ្កាយ ​មាស​៥ ​ផុត​លេខ​ បាន​អញ្ជើញ​ទៅ​​ទទួល​សព​ និង​គោរព​​វិញ្ញាណក្ខន្ធ​ទាហាន​មួក​ខៀវ​កម្ពុជា​​​ទាំង​៤​រូប​​​​ដែល​ត្រូវបាន​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ប្រទេស​អាហ្វ្រិក​កណ្ដាល​​មក​​​ដល់​​ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​យប់​ថ្ងៃ​ទី​២១​ ខែ​ឧសភា ​ឆ្នាំ​២​០​១​​៧ ម្សិលមិញ​​នេះ។​​​​

​ក្រោយ​ពី​ពិធី​សាសនា ​និង​ពិធី​ទទួល​សព​ជា​ផ្លូវការ ​ដោយ​ នាយ​ឧត្ដមសេនីយ៍​ផ្កាយ ​មាស​៥ ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​​ហើយ ​សព​វីរ​ទាហាន​មួក​ខៀវ​កម្ពុជា​ទាំង​៤​រូប​ ត្រូវ​បាន​រៀបចំ​ដឹក​ទៅ​កាន់​លំនៅឋាន​របស់​សព​រៀង​ៗ​ខ្លួន​ ដែល​ស្ថិត​​នៅ​រាជធានី​ភ្នំពេញ ​(១)​ ខេត្ត​ពោធិ៍សាត់​ (១)​ ខេត្ត​សៀមរាប​ (១)​ និង​ខេត្ត​ស្វាយរៀង ​(១)។​​ ពិធី​ដង្ហែ​សព ​នេះ​គឺ​អម​ដោយ​កម្លាំង​អាវុធហត្ថ​ជា​ច្រើន​នាក់​ និង​កម្លាំង​នគរបាល​ឈរ​យាម តាម​ផ្លូវ​បណ្ដាក់​​គ្នា​ផង​ដែរ​។​

នៅ​ក្នុង​ពិធី​ទទួល​សពទាំង​​យប់​នេះ ​គឺ​មាន​ការ​រៀបចំ​ជា​ក្បូន​ត្រែទ័ព​ ដោយ​ក្រសួង​ការពារ​ជាតិ ​ដើម្បី​ផ្តល់​ កិត្តិយស​ទទួល​ឲ្យ​សក្តិសម​ទៅ​នឹង​ការ​លះបង់​ដ៏​អង់​អាច​ក្លាហាន​របស់​កងទ័ព​យើង​ក្នុង​បុព្វហេតុ​ជាតិ​មាតុ​ភូមិ​ និង​បុព្វហេតុ​ថែរក្សា​សន្តិភាព​ជាមួយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ដែល​កំពុង​មាន​ សង្រ្គាម​។

មុន​នឹង​អញ្ជើញ​ទទួល​ និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​សព​វីរទាហាន​ទាំង​៤រូប​ ​​​​នាយ​ឧត្ដមសេនីយ៍​ផ្កាយ​មាស​​ សម្តេតេជោ ​ហ៊ុន សែន​ បាន​ជួប​សំណេះ​សំណាល​ជាមួយ​គ្រួសារ​សព​ និង​បាន​សំដែង​នូវ​ក្តី​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ បាត់​បង់​វីរទាហាន​ដ៏​ឆ្នើម​របស់​កម្ពុជា​។

សូម​រម្លឹក​ផងដែរ​​ថា ​ទាហាន​មួក​ខៀវ​កម្ពុជា​៤​រូប​គឺ​បាន​ពលី​ជីវិត​នៅ​ប្រទេស​អាហ្រិ្វក​កណ្តាល ​ក្នុង​ពេល ​បំពេញ​បេសកកម្ម​​ជាមួយ​អង្គការ​សហប្រជាជាតិ ​(UN)​ កាល​ពី​យប់​ថ្ងៃ​ទី​០៨ ​ខែឧសភា ឆ្នាំ២០១៧ ក្នុង​នោះ​រួមមានៈ​ ១)​ពលបាលឯក ​(ឋានន្តរស័ក្ត​ពិត​ប្រាកដ​ អនុសេនីយ៍ទោ)​ អ៊ឹម​ សំ​ បុគ្គលិក​បើកបរ ប៊ុល​ដូ​ស៊ែរ​​ ​២) អនុសេនីយ៍ត្រី​ ស៊ាន​ នរិន្ទ​ (ព្រិន្ទបាល​ទោ) ជំនួយការ​ត្រួត​ពិនិត្យ​គុណភាព​​ ៣) ​ពលបាល​ឯក​ មុំ ​តុលា (​ព្រិន្ទបាល​ទោ) ​ជំនួយ​ការ​បើកបរ​អេស្ការវ៉ាទ័រ​ និង​ ៤​) ​អនុសេនីយ៍ត្រី​ ម៉ៅ អេង ​(អនុសេនីយ៍​ឯក​) បុគ្គលិក​ពេទ្យ។

ទាក់ទង​នឹង​​ថវិកា​វិញ​​ បើ​តាម​នាយ​ឧត្ដមសេនីយ៍​​​ សែម សុវណ្ណី អគ្គ​នាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​កង​កម្លាំង​រក្សា​សន្តិភាព ​និង​បោស​សម្អាត​កាកសំណល់​សង្គ្រាម​បាន​ឲ្យ​ដឹង​នា​ពេលថ្មី​នេះ​ថា​ នៅ​ពេល​កន្លងមក​ ​ទ័ព​មួក​ខៀវ​កម្ពុជា​​ដែ​ល​បាន​ពលី​ជីវិត​ក្នុង​​បេសកកម្ម​មនុស្សធម៌​នេះ ​UN ​បាន​ផ្ដល់​ ៧​ម៉ឺន​ដុល្លារ​ ដល់​ក្រុម​គ្រួសារ​សព​នីមួយៗ ហើយ​រដ្ឋាភិបាល​កម្ពុជា​វិញ​នឹង​​ផ្ដល់​បើក​ប្រាក់​បន្ថែម​តាម​របប​នៃ​ឋានន្តរសក្ដិ​របស់​ពួកគេ។​ ដោយ​ឡែក​កាល​ពេល​​​​ថ្មី​នេះដែរ​ កាកបាទក្រហម​កម្ពុជា​​ក៏​បាន​នាំ​យក​គ្រឿង​បរិភោគ​និង​ថវិកា​៥០០០​ ដុល្លារ​ជូន​ដល់​ផ្ទះ​ក្រុម​គ្រួសារ​សព​ទាំង​៤​រូប​នោះ​​​​ផង​ដែរ​។​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor