សិល្បៈ ៖ រយៈពេល៣៤ឆ្នាំដែលលោក ជ័យ ប៊ុនឈឿ ដាក់ចិត្ត និងកាយធ្វើជាអាជ្ញាកណ្ដាលកម្មវិធីប្រដាល់សេរី គឺលោកទទួលបានតែកេរ្តិ៍ឈ្មោះ និងកិត្តិយសទេ ប៉ុន្តែកម្រៃបានពីកម្លាំងញើសឈាម ដែលលោកខិតខំធ្វើ ដើម្បីរក្សាសិល្បៈក្បាច់គុនខ្មែរ ជាច្រើនឆ្នាំមកនោះ មិនអាចជួយឲ្យលោករស់នៅបានសុខស្រួលទេ ផ្ទុយទៅវិញពេលធ្លាក់ខ្លួនឈឺ លោកបែរជាគ្មានលុយដាក់សេរ៉ូម និងទៅព្យាបាលនៅមន្ទីរពេទ្យ បានត្រឹមតែដេកហុតទឹកបបរជំនួសថ្នាំទៅវិញ។ ឯណាទៅតម្លៃនៃការតស៊ូ លើសង្វៀន៣៤ឆ្នាំ ដើម្បីក្បាច់គុនខ្មែរ ?
រំលឹកពីអតីតអាជ្ញាកណ្ដាលលោក ជ័យ ប៊ុនឈឿ អ្នកស្នេហាសិល្បៈក្បាច់គុនខ្មែរភាគច្រើនបានស្គាល់ច្បាស់ និងឲ្យតម្លៃលោក គឺជាអាជ្ញាកណ្ដាលម្នាក់មានក្រមសីលធម៌មិនចេះស៊ីសំណូក ហើយទោះជាលោកមានវ័យចំណាស់ក្ដី ប៉ុន្តែសម្រាប់ការងារមួយនេះលោកបានខិតខំធ្វើបានយ៉ាងល្អ ដោយមិនខ្លាចគ្រោះថ្នាក់ដល់ខ្លួនឡើយ។ ការលះបង់អស់ពីចិត្តកាយនេះហើយ ដែលលោកទទួលបានការកោតសរសើរពីទស្សនិកជនមិនដាច់ពីមាត់ថា ជាអាជ្ញាកណ្ដាលល្អ គ្មានក្មេងៗជំនាន់ក្រោយធ្វើដូច។
តាមរយៈលទ្ធផលការងារទាំងនេះ សម្រាប់លោក ជ័យ ប៊ុនឈឿ គួរតែលោកទទួលបានការលើកតម្កើងទាំងផ្លូវកាយ និងផ្លូវចិត្ត ពេលដែលលោកចូលវ័យជរាអស់លទ្ធភាពធ្វើការងារ ប៉ុន្តែផ្ទុយពីការរំពឹងទុកទាំងនេះ នៅពេលដែលលោកអស់លទ្ធភាពធ្វើការ និងធ្លាក់ខ្លួនឈឺ លោកបែរជារងទុក្ខ រហូតគ្មានលុយដាក់សេរ៉ូម និងទៅព្យាបាលនៅមន្ទីរពេទ្យ គឺបានត្រឹមតែដេកហុតទឹកបបរនៅផ្ទះជំនួសថ្នាំពេទ្យទៅវិញ។ តើឯណាទៅតម្លៃរបស់អ្នកតស៊ូ តើសក្ដិសមទេ ដែលលោកទទួលបានតែកេរ្តិ៍ឈ្មោះ តែធាតុពិតក្នុងជីវិតលោកមានវាសនាមិនប្រសើរជាងជនអនាថាប៉ុន្មានឡើយ។ តើបងប្អូនទទួលយកបានទេ សូមជួយជាមតិ?
តាមរយៈការផ្តល់បទសម្ភាសពីអ្នកជិតខាងឈ្មោះ រិទ្ធី ដែលនៅរស់នៅជិតផ្ទះលោក ជ័យ ប៊ុនឈឿ បានប្រាប់លោក តាន់ ចន្ថា អ្នកផលិតព័ត៌មាន Kqube.net តាមទូរស័ព្ទនៅមុននេះបន្តិចថា លោក ជ័យ ប៊ុនឈឿ បានធ្លាក់មានជំងឺដុះសាច់ភ្លៅមានរយៈពេលជាង៣ឆ្នាំមកហើយ ។ ដោយសារគាត់គ្មានលុយទៅព្យាបាលនៅមន្ទីរពេទ្យជំងឺគាត់កាន់តែធ្ងន់ដល់ដំណាក់កាលដេកនៅកន្ទេលមានរយៈ៦ខែមកហើយ ។
ប្រភពដដែលនេះបន្តថា ប៉ុន្មានថ្ងៃនេះជំងឺលោក ជ័យ ប៊ុនឈឿ កាន់តែដុនដាបខ្លាំង គឺគាត់ឧស្សាហ៍ធ្វើទុក្ខ និងក្អួតជាប្រចាំតែម្តង ព្រោះតែប៉ុន្មានថ្ងៃនេះកូនៗរបស់គាត់គ្មានលុយដាក់សេរ៉ូមជូនគាត់ ដោយសារជំងឺគាត់ត្រូវការដាក់សេរ៉ូមជាប្រចាំ ហើយប៉ុន្មានថ្ងៃនេះគឺគាត់មានតែទឹកបបរហូបជំនួសថ្នាំពេទ្យ គួរឲ្យសង្វេគណាស់ ដូច្នេះហើយសូមទស្សនិកជនជួយដល់គាត់ផង ។ តាមរយៈព័ត៌មាននេះបើសប្បុរសជនមានបំណងចង់ចូលរួមជួយសង្គ្រោះអតីតអាជ្ញាកណ្ដាលលោក ជ័យ ប៊ុនឈឿ អាចទាក់ទងតាមរយៈ លេខទូរស័ព្ទអ្នកជិតខាងលោកផ្ទាល់លេខ 0967666111 ៕

