ប្រទេស ម៉ាឡេស៊ី និង សិង្ហបុរី កំពុងស្ថិតក្នុងដំណើរការនៃគម្រោងសាងសង់ផ្លូវដែកសម្រាប់រថភ្លើងល្បឿនភ្ជាប់ទីក្រុង កូឡាឡាំពួរ ជាមួយនឹងទីក្រុង សិង្ហបុរី ជារថភ្លើងក្បាលគ្រាប់កាំភ្លើងភាសា ជប៉ុន ហៅថា ស៊ីនកាន់សេន (shinkansen) ។
រថភ្លើងល្បឿនលឿន shinkansen ឬរថភ្លើងក្បាលគ្រាប់កាំភ្លើងគឺជាបច្ចេកវិទ្យារបស់ប្រទេស ជប៉ុន ចាប់ផ្ដើមប្រើប្រាស់ក្នុងចុងទសវត្សឆ្នាំ ១៩៦០ មានល្បឿនចាប់ពី ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ដល់ ៣២០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ក្នុងចំណោមក្រុមហ៊ុនដែលចូលរួមក្នុងការដេញថ្លៃគម្រោងផ្លូវដែករថភ្លើងល្បឿនលឿន ធ្វើឡើងក្នុងទីក្រុង កូឡាឡាំពួរ មានក្រុមហ៊ុនពី ជប៉ុន កូរ៉េខាងត្បូង ចិន និងក្រុមហ៊ុនជាច្រើនមកពីទ្វីបអឺរ៉ុប ។
រដ្ឋមន្ត្រីក្រសួងគមនាគមន៍ ជប៉ុន និយាយក្នុងពិធីដេញថ្លៃគម្រោងនោះថា រយៈពេល ៥២ ឆ្នាំកន្លងទៅនេះ រថភ្លើងក្បាលគ្រាប់កាំភ្លើងមិនធ្លាប់មានឧបទ្ទវហេតុកើតឡើងម្ដងណាឡើយ ដែលជាការបង្ហាញឲ្យឃើញនូវគុណភាព និងស្ថិរភាពនៃបច្ចេកវិទ្យារបស់ប្រទេស ជប៉ុន ។
គម្រោងផ្លូវដែកនោះមានចម្ងាយ ៣៥០ គីឡូម៉ែត្រ គឺជាផ្លូវដែកឆ្លងកាត់ទីក្រុង កូឡាឡាំពួរ ជាមួយនឹងទីក្រុង សិង្ហបុរី ដោយធ្វើដំណើរត្រឹមតែ ៩០ នាទីប៉ុណ្ណោះ ហើយគម្រោងនោះត្រូវបានចុះហត្ថលេខាដោយប្រទេសជិតខាងទាំងពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីខែ កក្កដា ឆ្នាំ ២០១៦ ដោយផ្លូវដែកនោះនឹងអាចដំណើរការក្នុងឆ្នាំ ២០២៦ ។

