ទោះបីជាបេសកកម្មប្រមាញ់ពួកជ្រុលនិយមរដ្ឋអ៊ីស្លាម (ISIS) ចេញពីទឹកដីស៊ីរី របស់សហរដ្ឋអាមេរិក កំពុងប្រឈមមុខជាមួយប្រទេសតួកគី លើបញ្ហាបញ្ជូនអាវុធក៏ដោយ ប្រទេសមហាអំណាចមួយនេះនៅតែបន្តបើកការវាយប្រហារកាន់តែខ្លាំងឡើង ទៅលើទីក្រុង Raqqa។ នេះបើតាមការចេញផ្សាយដោយភ្នាក់ងារសារព័ត៌មានចិន ស៊ិនហ៊ូ កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧។
កាលពីម្សិលមិញ កងកម្លាំងអាមេរិកបានបើកការវាយប្រហារតាមអាកាសមួយទៅលើទីក្រុង Raqqa ប្រទេសស៊ីរី បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និង ៩នាក់ផ្សេងទៀត រងរបួស ដោយអ្នកស្លាប់ទាំងនោះសុទ្ធតែជាប្រជាជនស៊ីវិល ខណៈដែលក្រុម ISIS មិនបានទទួលរងការវាយប្រហារនេះឡើយ។
គួរបញ្ជាក់ផងដែរថា នេះគឺជាការវាយប្រហារមួយរបស់អាមេរិក ក្នុងគោលបំណងសំដៅលើ ក្រុមសកម្មប្រយុទ្ធ ISIS ផ្ទុយទៅវិញបែរជាធ្វើឲ្យជនស៊ីវិលជាច្រើននាក់បានស្លាប់។ វត្តមានរបស់ទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរីនេះ ក៏ធ្លាប់មានការជំទាស់ពីរដ្ឋាភិបាលតួកគីផងដែរ ពាក់ព័ន្ធនឹងការបញ្ជូនអាវុធទៅឲ្យកងកម្លាំងជនជាតិ ខឺត ដែលពួកគេជាក្រុមប្រឆាំងនឹងរដ្ឋាភិបាលតួកគី៕

